ប្រហែល 46 ឆ្នាំ បន្ទាប់ពីយាន Voyager 1 និង 2 របស់ណាសា ចាប់ផ្ដើមដំណើរស្រាវជ្រាវអវកាស សុសវែរដែលមានវ័យចំណាស់លើយានទាំងនេះក៏បន្តត្រូវបានបន្ទាន់សម័យពីចម្ងាយ។
ក្រុមវិស្វករបន្ទាន់សម័យ និងជួសជុលសុសវែរក្នុងបំណងគ្រប់គ្រងទិន្នន័យខុសឆ្គងដែលយាន Voyager 1 បានចាប់ផ្ដើមបញ្ជូនមកតាំងពីឆ្នាំមុន។ ការបន្ទាន់សម័យមួយចំនួនទៀតគឺធ្វើឡើងក្នុងគោលដៅទប់ស្កាត់វត្ថុធាតុកខ្វក់ដែលប្រមូលផ្ដុំនៅលើម៉ាស៊ីនរុញច្រានរបស់យាន។ ការបន្ទាន់សម័យខាងលើនឹងជួយឱ្យយានអវកាសរក្សាទំនាក់ទំនងជាមួយផែនដីបានយូរបំផុតតាមដែលអាចធ្វើទៅបាន។ នេះបើតាម Space ចុះផ្សាយកាលពីថ្ងៃទី 23 តុលា 2023។
កាលពីខែឧសភា 2022 ណាសាចាប់ផ្ដើមទទួលទិន្នន័យគ្មានតម្លៃពីប្រព័ន្ធបញ្ជា និងបង្វែរទិស (AACS) នៅលើយាន Voyager 1 ដែលមានតួនាទីជួយរក្សាអង់តែងរបស់យាននេះតម្រង់មកចំផែនដី។ លទ្ធផលនៃការត្រួតពិនិត្យបង្ហាញថា ហាដវែររបស់ AACS នៅតែដំណើរការល្អ ប៉ុន្តែដោយសារបញ្ហាដែលមិនទាន់ដឹងច្បាស់ AACS បញ្ជូនទិន្នន័យរបស់វាទៅតាមកុំព្យូទ័រមួយដែលមិនប្រើប្រាស់នៅលើយាន បណ្ដាលឱ្យទិន្នន័យប្រែជាមានភាពមិនត្រឹមត្រូវ។
យ៉ាងណាក៏ដោយ ការជួសជុលកំហុសឆ្គងត្រូវបានរំពឹងថាអាចដោះស្រាយដើមហេតុនៃបញ្ហា បន្ទាប់ពីការបញ្ជូនទិន្នន័យទៅកាន់យាន Voyager 1 ដើម្បីធ្វើការបន្ទាន់សម័យក្នុងរយៈពេលជាង 20 ម៉ោង ត្រូវបានបញ្ចប់។
យានអវកាស Voyager 1 និង 2 របស់ណាសា ដែលត្រូវបានបាញ់បង្ហោះមុនក្រោយគ្នា 16 ថ្ងៃ ក្នុងឆ្នាំ 1977 ដើមឡើយត្រូវបានរចនាឡើងដើម្បីអាចបំពេញបេសកកម្មបាន 5 ឆ្នាំតែប៉ុណ្ណោះ។ យានទាំងនេះអាចបង្វែរទិសរបស់អង់តែនដោយស្វ័យប្រវត្ត តាមរយៈការបញ្ឆេះម៉ាស៊ីនរុញច្រាន។ ក៏ប៉ុន្តែ ការបញ្ឆេះម៉ាស៊ីនរាល់លើកគឺសុទ្ធតែបន្សល់វត្ថុធាតុមួយស្រទាប់នៅលើបំពង់បញ្ចូលឥន្ធនៈ។ ក្រុមវិស្វករបារម្ភថា បំពង់នេះអាចនឹងត្រូវស្ទះឆាប់ៗនេះ ដូច្នេះ ក្នុងខែកញ្ញា និងតុលា 2023 ពួកគេចាប់ផ្ដើមទុកឱ្យយានវិលច្រើនជាងមុន ដើម្បីកាត់បន្ថយការបញ្ឆេះម៉ាស៊ីន។ បើសិនជោគជ័យ ការកែប្រែនេះនឹងជួយឱ្យយានបន្តដំណើរការបានយ៉ាងហោច 5 ឆ្នាំទៀត៕