ក្រុមហ៊ុន Kia បានបង្ហាញរថយន្តអគ្គិសនីខ្នាតតូចល្មម និងតូចចំនួនបីម៉ូដែល ក្នុងបំណងលក់ឱ្យបានមួយលានគ្រឿងជារៀងរាល់ឆ្នាំនៅឆ្នាំ 2026 និងឡើងដល់ 1.6 លានគ្រឿងនៅឆ្នាំ 2030។
Kia បានឱ្យដឹងថា ពួកគេកំណត់គោលដៅផ្គត់ផ្គង់រថយន្តអគ្គិសនីច្រើនប្រភេទប្រកបដោយភាពសម្បូរបែប ដែលមានតម្លៃចាប់ពី 30,000 ដល់ 80,000 ដុល្លារអាម៉េរិក ក្នុងនោះក៏រួមទាំងបណ្ដាម៉ូដែលដែលមាននាបច្ចុប្បន្នដូច EV6 និង EV9 ក៏ដូចជាបណ្ដាម៉ូដែលថ្មីដែលមានទំហំតូចជាង នៅក្នុងប្រភេទរថយន្ត compact និង subcompact (C និង B) មានជាអាទិ៍ EV5, EV4 និង EV3។
រថយន្តទាំងនេះនឹងមានតម្លៃចាប់ពី 35,000 ដល់ 50,000 ដុល្លារអាម៉េរិក ដែលនេះត្រូវបាន Kia រំពឹងថា នឹងជួយជំរុញការលក់ និងពង្រីកវិសាលភាពនៃការប្រើប្រាស់រថយន្តអគ្គិសនីនៅទូទាំងពិភពលោក។ រថយន្តអគ្គិសនី EV2 ខ្នាតតូចដែលជិតនឹងបង្ហាញខ្លួននឹងមានតម្លៃទាបជាងតម្លៃខាងលើ។
Kia ក៏បានប្រកាសឱ្យដឹងអំពីយុទ្ធសាស្ត្ររបស់ខ្លួនសម្រាប់រថយន្តអគ្គិសនី ក្នុងនោះក៏មានទាំងការកែលំអផាសុកភាព និងទំនុកចិត្តរបស់អតិថិជនផងដែរ ទន្ទឹមនឹងដំណោះស្រាយលើបញ្ហាហេដ្ឋារចនាសម្ព័ន្ធដែលទាក់ទងនឹងការបញ្ចូលថាមពលសម្រាប់រថយន្តអគ្គិសនី៕