ក្រុមអ្នកជំនាញផ្នែកសេដ្ឋកិច្ចចាប់ផ្ដើមទម្លាក់ភាគរយនៃលទ្ធភាពកើតមានឱនភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក ដោយយល់ថា Fed បានបញ្ចប់វដ្តនៃការរឹតបន្តឹងរូបិយវត្ថុ។ល។
នៅក្នុងការស្ទង់មតិប្រចាំត្រីមាសថ្មីបំផុតរបស់ Wall Street Journal ក្រុមសេដ្ឋវិទូ និងជំនួញ បានទម្លាក់ភាគរយនៃហានិភ័យកើតមានឱនភាពសេដ្ឋកិច្ចក្នុងឆ្នាំក្រោយរបស់សហរដ្ឋអាម៉េរិក ពីកម្រិតមធ្យម 54% ក្នុងខែកក្កដា មកនៅត្រឹមកម្រិតគួរឱ្យមានក្ដីសង្ឃឹម 48%។ នេះជាលើកដំបូងដែលពួកគេបានដាក់ប្រូបាប៊ីលីតេក្រោម 50% រាប់ចាប់ពីពាក់កណ្ដាលឆ្នាំ 2022។
កត្តាមួយចំនួនដែលរួមចំណែកក្នុងការជំរុញក្ដីសង្ឃឹមខាងលើ រួមមានជាអាទិ៍ អតិផរណាបន្តថយចុះ ធនាគារកណ្ដាលអាម៉េរិក (Fed) បានបញ្ចប់កិច្ចការដំឡើងការប្រាក់ ទីផ្សារការងារងើបឡើងខ្លាំងក្លា និងកំណើនសេដ្ឋកិច្ចឡើងខ្ពស់ជាងការរំពឹងទុក។
ការស្ទង់មតិប្រចាំត្រីមាសចុងក្រោយបំផុតរបស់ Wall Street Journal ត្រូវបានធ្វើឡើងជាមួយនឹងសេដ្ឋវិទូ 65 រូប មកពីស្ថាប័នល្បីៗជាច្រើន មានដូចជា Deutsche Bank និង BMO ជាដើម ចាប់ពីថ្ងៃទី 06 តុលា ដល់ 11 តុលា 2023៕