សង្គ្រាមរវាងអ៊ីស្រាអែល និងចលនាហាម៉ាស ជាកងកម្លាំងប្រដាប់អាវុធកំពុងកាន់កាប់តំបន់ហ្គាហ្សា ដែលបានផ្ទុះឡើង កំពុងតែជាកត្តាសំខាន់គាំទ្រដល់តម្លៃប្រេងឆៅ និងមាស ព្រោះថា នេះជាទ្រព្យសុវត្ថិភាពសម្រាប់អ្នកវិនិយោគ នៅពេលតម្លៃភាគហ៊ុន មូលបត្របំណុលតែងតែប្រែប្រួលជាអវិជ្ជមានដោយសារឥទ្ធិពលនៃភូមិសាស្ត្រនយោបាយ។
នៅទ្វីបអាស៊ី ក្នុងការជួញដូរនាព្រឹកថ្ងៃទី 09 តុលា 2023 តម្លៃប្រេងឆៅ Brent បានកើន 4.7% ឡើងដល់ 86.65 ដុល្លារអាម៉េរិក/ធុងបារ៉ែល គ្រាដែលតម្លៃប្រេងឆៅ WTI ក៏កើន 4.5% ឡើងដល់ 88.39 ដុល្លារ/ធុង។
ក្រុមអ្នកវិភាគរបស់ធនាគារ ANZ Bank អះអាងថា ហានិភ័យផ្នែកភូមិសាស្ត្រនយោបាយកើនឡើងនៅមជ្ឈិមបូព៌ានឹងគាំទ្រដល់តម្លៃប្រេងឆៅ ដោយវានឹងប្រែប្រួលខ្លាំងជាងនេះក្នុងពេលដ៏ខ្លីខាងមុខ។ ចំណែកធនាគារ CBA របស់អូស្ត្រាលីវិញ យល់ថា កត្តានានាដែលបាន និងកំពុងកើតឡើងនឹងអាចរុញតម្លៃប្រេងឆៅ Brent អនាគត ឡើងលើសពី 100 ដុល្លារ/ធុង ក្នុងរយៈពេលខ្លី។
រីឯមាសវិញ តម្រូវការរបស់ពិភពលោកបានចាប់ផ្ដើមកើនឡើង ធ្វើឱ្យតម្លៃរបស់លោហធាតុនេះកើន 0.8% ឡើងដល់ 1,848 ដុល្លារ/អោន ដែលមួយអោន (ounce) ស្មើនឹង 8.29426 ជី។
ក្រុមអ្នកជំនាញអះអាងថា ហេតុដែលនាំឱ្យតម្លៃមាសកើនឡើងបើទោះមូលបត្របំណុល និងរូបិយប័ណ្ណដុល្លារអាម៉េរិកឡើងថ្លៃ ក៏ព្រោះតែសង្គ្រាមអ៊ីស្រាអែល – ហាម៉ាស (ប៉ាលេស្ទីន) ដែលបានផ្ទុះឡើងកាលពីថ្ងៃទី 07 តុលាកន្លងទៅ។ ការកើនឡើងនៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនឹងជះឥទ្ធិពលដល់សកម្មភាពសេដ្ឋកិច្ចពិភពលោក ដោយសារថា ប្រភពផ្គត់ផ្គង់ទំនិញជាច្រើនត្រូវអាក់ខាន៕