ហាងលក់រាយនានាបាន និងកំពុងត្រៀមខ្លួនសម្រាប់ការលក់ទំនិញបញ្ចុះតម្លៃរហូតដល់ 35% ក្នុងរដូវកាលបុណ្យទាននៅចុងឆ្នាំនេះ ក្នុងនោះ ទំនិញប្រភេទអេឡិចត្រូវនិច ឧបករណ៍លេងកម្សាន្ត និងសម្លៀកបំពាក់នឹងត្រូវលក់បញ្ចុះតម្លៃទាបជាងគេ។
យោងតាមការព្យាករដែលត្រូវបាន Adobe Analytics ប្រកាសកាលពីថ្ងៃទី 05 តុលា អ្នកប្រើប្រាស់នឹងអាចទិញទំនិញបញ្ចុះតម្លៃដល់កម្រិតទាបមិនធ្លាប់មានក្នុងរដូវបុណ្យទាននៅចុងឆ្នាំ 2023 ពេលក្រុមអ្នកលក់រាយតាមផ្សារអនឡាញ ព្យាយាមអូសទាញអតិថិជនដែលកំពុងខ្សត់ប្រាក់ដោយសារតែបញ្ហាអតិផរណា។
Adobe Analytics បានព្យាករថា យុទ្ធសាស្ត្រនេះនឹងមានប្រសិទ្ធភាព ព្រោះថា ការលក់តាមអនឡាញក្នុងរដូវបុណ្យទានត្រូវបានរំពឹងថានឹងកើនឡើងជិត 5% ធៀបនឹងដំណាក់កាលដូចគ្នាក្នុងឆ្នាំ 2022។
ក្នុងរបាយការណ៍ប្រចាំឆ្នាំស្ដីពីការរំពឹងទុកផ្នែកជួញដូរក្នុងរដូវបុណ្យទាន Adobe Analytics ឱ្យដឹងថា ហាងលក់រាយនានាបាន និងកំពុងត្រៀមខ្លួនសម្រាប់ការលក់ទំនិញបញ្ចុះតម្លៃរហូតដល់ 35% ក្នុងរដូវកាលបុណ្យទាននៅចុងឆ្នាំនេះ ក្នុងនោះ ទំនិញប្រភេទអេឡិចត្រូវនិច ឧបករណ៍លេងកម្សាន្ត និងសម្លៀកបំពាក់នឹងត្រូវលក់បញ្ចុះតម្លៃទាបជាងគេ។
ក្រុមហ៊ុនវិភាគទិន្នន័យទីផ្សារខាងលើ សង្ឃឹមថា អ្នកប្រើប្រាស់នឹងចាប់យកកម្មវិធីលក់បញ្ចុះតម្លៃនេះ ហើយចំណាយច្រើនសូម្បីតែនៅពេលពួកគេមានការព្រួយបារម្ភអំពីតម្លៃកើនឡើង ក៏ដូចជា «សុខភាព» របស់សេដ្ឋកិច្ច។
យោងតាម Adobe Analytics អ្នកប្រើប្រាស់ទូទាំងសកលលោកអាចនឹងចំណាយ 221.8 ពាន់លានដុល្លារ តាមរយៈការទិញទំនិញពីផ្សារអនឡាញ ចាប់ពីថ្ងៃទី 01 វិច្ឆិកា រហូតដល់ដំណាច់ឆ្នាំនេះ។ ប្រការនេះនឹងជួយឱ្យកំណើនសម្រេចបាន 4.8% ច្រើនជាង 1.3% បើធៀបនឹង 3.5% នៃដំណាក់កាលដូចគ្នាក្នុងឆ្នាំកន្លង៕