TikTok សម្រេចចិត្តឈប់លក់ទំនិញតាមអនឡាញនៅប្រទេសឥណ្ឌូណេស៊ី ក្រោយពីរដ្ឋាភិបាលប្រទេសនេះបានប្រកាសហាមឃាត់ ដើម្បីការពារអាជីវកម្មខ្នាតតូច។
កាលពីថ្ងៃទី 03 តុលា 2023 TikTok ដែលជាបណ្ដាញសង្គមរបស់ក្រុមហ៊ុនចិន ByteDance បានប្រកាសថា នឹងបញ្ឈប់សកម្មភាពពាណិជ្ជកម្មនៅលើឧបករណ៍ទិញដូរទំនិញរបស់ខ្លួននៅប្រទេសឥណ្ឌូណេស៊ី ចាប់ពីថ្ងៃទី 04 តុលា 2023 នេះ។
ការសម្រេចចិត្តខាងលើរបស់បណ្ដាញសង្គមចិន TikTok ត្រូវបានធ្វើឡើងក្រោយពីរដ្ឋាភិបាលឥណ្ឌូណេស៊ីបានប្រកាសហាមឃាត់សកម្មភាពលក់ទំនិញផ្ទាល់នៅលើទំព័របណ្ដាញសង្គមនានា ដើម្បីការពារអាជីវកម្មខ្នាតតូចរបស់ខ្លួន។
ក្នុងប្រកាសថ្មីបំផុតរបស់ខ្លួន TikTok Indonesia សង្កត់ធ្ងន់ថា អាទិភាពដំបូងគេគឺការគោរពច្បាប់ និងការសម្រេចរបស់ប្រទេសដែល TikTok កំពុងធ្វើសកម្មភាព។ ក្នុងនោះ ពួកគេនឹងឈប់ធ្វើពាណិជ្ជកម្មអនឡាញនៅលើឧបករណ៍លក់ដូរទំនិញ TikTok Shop Inodnesia។
ក៏ប៉ុន្តែ TikTok ក៏យល់ថា បទបញ្ជាខាងលើរបស់រដ្ឋាភិបាលឥណ្ឌូណេស៊ី នឹងប៉ះពាល់ដល់អាជីវកររាប់លាននាក់ដែលប្រើប្រាស់ TikTok Shop ក្នុងប្រទេសដែលមានប្រជាជនច្រើនជាងគេនៅអាស៊ីអាគ្នេយ៍នេះផងដែរ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ី Zulkifli Hasan ឱ្យដឹងថា បណ្ដាក្រុមហ៊ុនដែលមិនគោរពតាមបទបញ្ជាហាមលក់ទំនិញលើបណ្ដាញសង្គម នឹងត្រូវបានព្រមាន។ បើសិននៅតែរំលោភបំពានជាថ្មី ពួកគេនឹងត្រូវបានដកហូតអាជ្ញាប័ណ្ណអាជីវកម្មនៅឥណ្ឌូណេស៊ី។
មុននោះ រដ្ឋមន្ត្រីខាងលើយល់ថា ពាណិជ្ជកម្មអនឡាញត្រូវការបែងចែកឱ្យដាច់ពីបណ្ដាញសង្គម។ បណ្ដាញសង្គមអាចផ្សព្វផ្សាយផលិតផល ប៉ុន្តែមិនត្រូវបង្កលក្ខណៈងាយស្រួលក្នុងការលក់ដូរផលិតផលនៅលើថ្នាលបច្ចេកវិទ្យារបស់ពួកគេ។ លោក Hasan សង្កត់ធ្ងន់ថា បទបញ្ជាថ្មីនេះត្រូវបានធ្វើឡើងក្នុងបំណងការពារសហគ្រាស អាជីវកម្មខ្នាតមធ្យម និងតូច។
យោងតាមទិន្នន័យរបស់ TikTok ប្រទេសឥណ្ឌូណេស៊ីដែលមានអ្នកប្រើប្រាស់ 125 លាននាក់ គឺជាទីផ្សារធំជាងគេលំដាប់ទីពីរក្នុងពិភពលោករបស់ TikTok បន្ទាប់ពីសហរដ្ឋអាម៉េរិក។ ប៉ុន្តែ ប៉ុន្មានខែចុងក្រោយនេះ មានមតិកាន់តែច្រើនដែលអំពាវនាវឱ្យរដ្ឋគ្រប់គ្រងបណ្ដាញសង្គម និងពាណិជ្ជកម្មអនឡាញ ពេលដែលអ្នកលក់តាមបែបបុរាណយល់ឃើញថា ការលក់ទំនិញក្នុងតម្លៃទាបខ្លាំងនៅលើ TikTok Shop និងបណ្ដាញសង្គមនានា កំពុងគំរាមកំហែងដល់ «ឆ្នាំងបាយ» របស់ពួកគេ៕