យោងតាមសន្ទស្សន៍ពេជ្រមិនទាន់ច្នៃសកល Zimnisky តម្លៃពេជ្រមិនទាន់ច្នៃបច្ចុប្បន្នស្ថិតក្នុងកម្រិតទាបបំផុតក្នុងរង្វង់មួយឆ្នាំកន្លង។
តម្លៃពេជ្រមិនទាន់ច្នៃបានដាំក្បាលចុះចាប់ពីដើមឆ្នាំរហូតដល់បច្ចុប្បន្ន ព្រោះតែតម្រូវការប្រើប្រាស់ពីអតិថិជនមានការធ្លាក់ចុះ ក្រោយពីសម័យវិបត្តិកូវីដ-19 ត្រូវបានបិទបញ្ចប់។
យោងតាមសន្ទស្សន៍ពេជ្រមិនទាន់ច្នៃសកល Paul Zimnisky Diamond Analytics តម្លៃពេជ្រមិនច្នៃបច្ចុប្បន្នស្ថិតក្នុងកម្រិតទាបបំផុតក្នុងរង្វង់មួយឆ្នាំកន្លង។ ក្រុមអ្នកវិភាគយល់ថា មូលហេតុបណ្ដាលមកពីការលក់រាយនៅតាមបណ្ដាហាងលក់គ្រឿងអលង្ការ បាន និងកំពុងថយចុះខ្លាំង។
អ្នកជំនាញ Paul Zimnisky ឱ្យដឹងថា បន្ទាប់ពីវិធានការរឹតបន្តឹងនានាដែលទាក់ទងនឹងកូវីដ-19 ត្រូវបានដកចេញ អ្នកប្រើប្រាស់ក៏ចាប់ផ្ដើមមានទំនោរទៅរកការចំណាយទៅលើទេសចរណ៍ ការហូបចុក និងបទពិសោធន៍ជាក់ស្ដែងនានា ជំនួសឱ្យការទិញគ្រឿងអលង្ការថ្លៃៗដូចមុន។
ការធ្លាក់ថ្លៃរបស់ពេជ្រមិនទាន់ច្នៃបានកើតឡើងក្រោយការឡើងថ្លៃខ្ពស់មិនធ្លាប់មានពីមុនមក នៅក្នុងរយៈពេលពីរឆ្នាំនៃសម័យកូវីដ។
ក៏ប៉ុន្តែ បើយោងតាមក្រុមអ្នកវិភាគ ការធ្លាក់ថ្លៃរបស់ពេជ្រមិនទាន់ច្នៃ មិនមែនមានន័យថា តម្លៃគ្រឿងអលង្ការធ្វើពីពេជ្រនៅតាមបណ្ដាហាងក៏ត្រូវធ្លាក់ថ្លៃតាមដែរនោះឡើយ។ ជាធម្មតា ក្នុងរយៈពេលខ្លី ក្រុមអ្នកលក់រាយតែងតែមិនផ្លាស់ប្ដូរតម្លៃផលិតផលនេះទៅតាមទីផ្សាររបស់ពេជ្រមិនទាន់ច្នៃ ដើម្បីរក្សាខ្ទង់ប្រាក់ចំណេញ។ បច្ចុប្បន្ន គ្រឿងអលង្ការធ្វើពីពេជ្រទម្ងន់មួយការ៉ាត់នៅតាមហាងនានា មានតម្លៃខ្ពស់ជាង 3% បើធៀបនឹងតម្លៃរបស់វានៅក្នុងខែមករា 2020។
ក្រុមអ្នកវិភាគព្យាករថា ការលក់គ្រឿងអលង្ការពេជ្រនឹងកើនឡើងខ្ពស់ខ្លាំងនៅក្នុងរដូវបុណ្យចុងឆ្នាំ 2023 និងដើមឆ្នាំ 2024។ ដោយឡែកនៅសហរដ្ឋអាម៉េរិក ក្រុមហ៊ុន Zimnisky បានព្យាករថា ទីផ្សារមូលបត្រ និងទីផ្សារការងារងើបឡើងវិញ នឹងជំរុញឱ្យពេជ្រឡើងថ្លៃជាថ្មីនៅឆ្នាំ 2024៕