(វៀតណាម) – យោងតាមទិន្នន័យពីនាយកដ្ឋានវិនិយោគបរទេសនៃក្រសួងផែនការ និងវិនិយោគ គិតត្រឹមថ្ងៃទី 20 កញ្ញា 2023 ទុនវិនិយោគផ្ទាល់ពីបរទេស (FDI) សរុបដែលវៀតណាមទទួលបានគឺជិត 20.21 ពាន់លានដុល្លារអាម៉េរិក កើន 7.7% បើធៀបនឹង 9 ខែដំបូងនៃឆ្នាំ 2022។
ក្នុងចំណោមរំហូរទុន FDI នៅវៀតណាមក្នុង 9 ខែដំបូងនៃឆ្នាំ 2023 មានខ្ទង់វិនិយោគថ្មីចំនួន 2,254 គម្រោងដែលទទួលបានវិញ្ញាបនបត្រចុះបញ្ជីវិនិយោគ ដោយមានទុកសរុបជាង 10.23 ពាន់លានដុល្លារអាម៉េរិក កើន 43.6% បើធៀបនឹងដំណាក់កាលដូចគ្នាក្នុងឆ្នាំកន្លង។
គិតពីដើមឆ្នាំមកដល់បច្ចុប្បន្ន ទុន FDI ត្រូវបានវិនិយោគទៅលើវិស័យចំនួន 18 ក្នុងចំណោម 21 របស់វៀតណាម។ ក្នុងនោះ វិស័យឧស្សាហកម្មកែច្នៃ ផលិត ទទួលបានទុនបរទេសច្រើនជាងគេ ពោលគឺជាង 14 ពាន់លានដុល្លារអាម៉េរិក ស្មើនឹង 69.3% ធៀបនឹងទុនសរុបដែលត្រូវបានចុះបញ្ជី និងកើន 15.5% ខណៈវិស័យអចលនទ្រព្យ ឈរលំដាប់លេខពីរ ដោយទទួលបានទុកជិត 1.94 ពាន់លានដុល្លារ ស្មើនឹងជាង 9.6% ក្នុងចំណោមទុនដែលត្រូវបានចុះបញ្ជី ពោលគឺថយចុះ 45% បើធៀបនឹងដំណាក់កាលដូចគ្នាក្នុងឆ្នាំ 2022។
យោងតាមធនាគារអភិវឌ្ឍអាស៊ី (ADB) សេដ្ឋកិច្ចវៀតណាមមានភាពរឹងមាំ ហើយអាចងើបឡើងឆាប់រហ័សក្នុងពេលឆាប់ៗខាងមុខ។ ក្នុងរបាយការណ៍របស់ខ្លួន ADB ឱ្យដឹងថា កំណើនសេដ្ឋកិច្ចវៀតណាមនឹងកើន 5.8% ក្នុងឆ្នាំ 2023 និង 6% ក្នុងឆ្នាំ 2024 ថយចុះបន្តិចបើធៀបនឹង 6.5% និង 6.8% ដែលស្ថាប័ននេះបានព្យាករកាលខែមេសា 2023៕