អង្ករនាំចូលឡើងថ្លៃខ្ពស់ខ្លាំងដោយសារតែការប្រែប្រួលជាសកល ធ្វើឱ្យប្រជាជនម៉ាឡេស៊ីនាំគ្នាសម្រុកទៅទិញអង្ករក្នុងស្រុកដែលត្រូវបានកំណត់តម្លៃពិតានទាប។
ផ្សារទំនើប និងហាងទំនិញខ្នាតតូចនៅម៉ាឡេស៊ីកំពុងខ្វះអង្ករលក់ ព្រោះអង្ករច្រកក្នុងការ៉ុង 5 និង 10 គីឡូក្រាមត្រូវអតិថិជនទិញអស់ភ្លាមនៅពេលមានទំនិញ។ Ameer Ali Mydin អគ្គនាយករបស់បណ្ដាញផ្សារទំនើប Mydin ឱ្យដឹងថា ស្ថានភាពខ្វះអង្ករកើតឡើងដោយសារតែតម្លៃខុសគ្នាឆ្ងាយរវាងអង្ករក្នុងស្រុក និងអង្ករនាំចូល។
នៅម៉ាឡេស៊ី អង្ករសម្រិតក្នុងស្រុកត្រូវបានគ្រប់គ្រងដោយការកំណត់តម្លៃពិតានត្រឹម 26 រីងហ្គីត (5.54 ដុល្លារអាម៉េរិក) ក្នុង 10 គីឡូក្រាម។ ក៏ប៉ុន្តែ វិស័យផលិតអង្កររបស់ប្រទេសនេះអាចផ្គត់ផ្គង់បានត្រឹមតែ 70% ប៉ុណ្ណោះ ធៀបនឹងតម្រូវការ។ ដូច្នេះ ប្រទេសនេះត្រូវនាំចូលអង្ករសម្រិតពីបរទេស រួមមាន ឥណ្ឌា ប៉ាគីស្ថាន ថៃ កម្ពុជា និងវៀតណាម។
អង្ករនាំចូលមានតម្លៃថ្លៃជាងអង្ករក្នុងស្រុកចាប់តាំងពីពេលអង្ករពិភពលោកឡើងថ្លៃនាពេលថ្មីៗនេះ។ តម្លៃអង្ករកាន់តែខុសគ្នាបន្ទាប់ពីក្រុមហ៊ុន Padiberas Nasional សម្រេចចិត្តដំឡើងថ្លៃអង្ករនាំចូលឡើងដល់ 36% ពីថ្ងៃទី 01 កញ្ញា ដើម្បីធ្វើឱ្យសមស្របនឹងតម្លៃសកល។ បច្ចុប្បន្ន តម្លៃអង្ករសម្រិតនាំចូលនៅម៉ាឡេស៊ីត្រូវបានលក់ក្នុងតម្លៃពី 30 ដល់ 70 រីងហ្គីត ដែលប្រហែលពី 6.37 ដល់ 14.87 ដុល្លារអាម៉េរិកសម្រាប់ 10 គីឡូក្រាម។
ទោះជាយ៉ាងណាក៏ដោយ អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀងរបស់ម៉ាឡេស៊ី កាលពីដើមសប្ដាហ៍នេះបានព្យាករថា ស្ថានភាពខ្វះអង្ករសម្រិតក្នុងស្រុកនឹងត្រូវបានដោះស្រាយ នៅពេលរដូវប្រមូលផលស្រូវនៅក្នុងរដ្ឋ Kedah បានចាប់ផ្ដើម៕