8 ខែដំបូងនៃឆ្នាំ 2023 វៀតណាមនាំចេញអង្ករសរុបជាង 5.81 លានតោន ប្រហែលជាង 3.16 ពាន់លានដុល្លារអាម៉េរិក ក្នុងនោះ បរិមាណអង្ករកើន 21,4% និងចំណូលសរុបកើន 35.7% ធៀបនឹង 8 ខែដំបូងនៃឆ្នាំ 2022។
យោងតាមស្ថិតិបឋមរបស់អគ្គនាយកដ្ឋានគយវៀតណាម ក្នុងខែសីហា 2023 វៀតណាមនាំចេញអង្ករបាន 921,443 តោន ដែលប្រហាក់ប្រហែលនឹង 546.41 លានដុល្លារអាម៉េរិក ដោយគិតក្នុងតម្លៃមធ្យម 593 ដុល្លារ/តោន។ តួលេខនេះកើន 39.5% បើគិតអំពីបរិមាណ, 50.7% បើគិតអំពីប្រាក់ចំណូល និងតម្លៃកើន 8% បើធៀបនឹងខែកក្កដា 2023។ ធៀបនឹងខែសីហា 2022 បរិមាណអង្ករនាំចេញរបស់វៀតណាមក្នុងខែនេះក៏កើន 28.8%, ប្រាក់ចំណូលសរុបក៏កើន 61.7% និងតម្លៃក៏កើន 25.5% ផងដែរ។
ជារួម ក្នុង 8 ខែដំបូងនៃឆ្នាំ 2023 បរិមាណអង្ករនាំចេញសរុបរបស់វៀតណាម សម្រេចបានជាង 5.81 លានតោន រកចំណូលបានជាង 3.16 ពាន់លានដុល្លារអាម៉េរិក ក្នុងនោះ បរិមាណកើន 21.4%, ចំណូលកើន 35.7% ធៀបនឹង 8 ខែដំបូងនៃឆ្នាំ 2022 ខណៈតម្លៃមធ្យមស្មើនឹង 543.9 ដុល្លារអាម៉េរិក/តោន ដោយកើន 11.8%។
ទីផ្សារអង្ករធំជាងគេទាំងបីរបស់ប្រទេសវៀតណាម រួមមាន ប្រទេសហ្វ៊ីលីពីន ប្រទេសចិន និងប្រទេសឥណ្ឌូណេស៊ី។
ទាក់ទងនឹងការនាំចេញអង្ករនេះដែរ សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានរាយការណ៍ថា កម្ពុជាបាននាំចេញអង្ករចំនួន 401,699 តោនទៅកាន់ប្រទេស និងដែនដីចំនួន 56 ក្នុងអំឡុងខែមករាដល់ខែសីហាឆ្នាំនេះ។ ចំនួននេះស្មើនឹង 58% នៃផែនការនាំចេញប្រចាំឆ្នាំ 2023។ បរិមាណអង្ករដែលកម្ពុជាបាននាំចេញក្នុងអំឡុង 8 ខែដំបូងនៃឆ្នាំនេះ ទាបជាងលើសពី 14 ដង បើធៀបនឹង 5.81 លានតោនរបស់វៀតណាម៕