ការរីកចម្រើនដ៏ឆាប់រហ័សរបស់ទីផ្សារអឺរ៉ុប និងចិន នឹងជួយឱ្យការជួញដូររថយន្តអគ្គិសនីមានកំណើនខ្ពស់ខ្លាំងនៅចុងទសវត្សរ៍នេះ។
លទ្ធផលនៃការសិក្សាស្រាវជ្រាវថ្មីមួយរបស់វិទ្យាស្ថាន Rocky Mountain Institute (RMI) បានបង្ហាញថា ដោយសារតែតម្លៃថ្មផ្ទុកថាមពលថយចុះ រថយន្តអគ្គិសនីអាចនឹងមានតម្លៃស្មើនឹងរថយន្តប្រេងសាំងនៅទ្វីបអឺរ៉ុបចាប់ពីឆ្នាំ 2024 និងទីផ្សារអាម៉េរិកចាប់ពីឆ្នាំ 2026 ហើយនឹងក្ដោបក្ដាប់ 2/3 នៃចំនួនរថយន្តសរុបដែលបានលក់ចេញនៅឆ្នាំ 2030។
របាយការណ៍របស់ RMI បានព្យាករថា តម្លៃថ្មផ្ទុកថាមពលនឹងថយចុះពាក់កណ្ដាលនៅទសវត្សរ៍នេះ ដោយធ្លាប់ពី 151 ដុល្លារ/គីឡូវ៉ាត់ម៉ោងនៅឆ្នាំ 2022 ចុះមកនៅត្រឹមប្រហែល 60 – 90 ដុល្លារ/គីឡូវ៉ាត់ម៉ោង ដែលនឹងជួយឱ្យរថយន្តអគ្គិសនីធ្លាក់ថ្លៃមកស្មើនឹងរថយន្តប្រើប្រាស់ប្រេងសាំងនៅគ្រប់ទីផ្សារចាប់ពីឆ្នាំ 2030។
តាមធម្មតា ថ្មផ្ទុកថាមពលតែងតែកាន់កាប់ប្រហែល 40% នៃតម្លៃសរុបរបស់រថយន្តអគ្គិសនីមួយគ្រឿង។ RMI ឱ្យដឹងថា តម្លៃនេះកំពុងថយចុះបន្តិចម្ដងៗនៅពេលបណ្ដាក្រុមហ៊ុនផលិតរថយន្តនាំគ្នាវិនិយោគទៅលើគីមី វត្ថុធាតុ និងសបវ៉ែររបស់ថ្មផ្ទុកថាមពលប្រភេទថ្មី ដើម្បីបង្កើតបានរថយន្តអគ្គិសនីដែលមានប្រសិទ្ធភាពកាន់តែខ្ពស់។
លទ្ធផលនៃការសិក្សាស្រាវជ្រាវក្នុងគម្រោងសេដ្ឋសាស្ត្ររបស់សាកលវិទ្យាល័យ Exeter University បង្ហាញថា បរិមាណរថយន្តអគ្គិសនីដែលលក់ចេញនឹងកើនទៅតាមលេខគុណ។ យោងតាមការស្រាវជ្រាវនេះ រថយន្តអគ្គិសនីនឹងមានតម្លៃស្មើនឹងរថយន្តដំណើរការដោយឥន្ធនៈនៅឆ្នាំ 2024 នៅអឺរ៉ុប, ឆ្នាំ 2025 នៅប្រទេសចិន, 2026 នៅសហរដ្ឋអាម៉េរិក និង 2027 នៅប្រទេសឥណ្ឌា ចំពោះរថយន្តខ្នាតមធ្យម និងឆាប់ជាងនេះចំពោះរថយន្តខ្នាតតូច៕