ទិន្នន័យសេដ្ឋកិច្ចអាម៉េរិកមានភាពអវិជ្ជមាន ក្នុងនោះ នៅលើផ្សារ COMEX សម្រាប់ទីផ្សារ New York តម្លៃមាសប្រគល់ក្នុងខែធ្នូ 2023 បានកើនឡើង 0.30 ដុល្លារ (0.02%) និងបិទទ្វារក្នុងតម្លៃ 1,932.80 ដុល្លារនៅក្នុងមួយអោន។
តម្លៃមាសប្រគល់មានកាលកំណត់នៅលើផ្សារ COMEX សម្រាប់ទីផ្សារ New York (សហរដ្ឋអាម៉េរិក) បានកើនឡើងបន្តិចនៅក្នុងការជួញដូរនាថ្ងៃទី 14 កញ្ញា 2023 ព្រោះតែទិន្នន័យស្ដីពីសេដ្ឋកិច្ចអាម៉េរិកមានភាពអវិជ្ជមានច្រើន។
ជាក់ស្ដែង មាសប្រគល់ក្នុងខែធ្នូ 2023 បានឡើងថ្លៃ 0.30 ដុល្លារ (0.02%) និងបិទទ្វារក្នុងតម្លៃ 1,932.80 ដុល្លារក្នុងមួយអោន (ounce)។ មួយអោន = 8.29426 ជី ដូច្នេះ ក្នុងករណីនេះ មួយជីមានតម្លៃប្រហែល 233.0286 ដុល្លារអាម៉េរិក។
ក្រសួងការងារអាម៉េរិកទើបតែបានប្រកាសឱ្យដឹងថា សន្ទស្សន៍តម្លៃអ្នកផលិត (Producer’s price index – PPI) របស់សហរដ្ឋអាម៉េរិក បានកើនឡើង 0.7% ដោយត្រូវបានកែសម្រួលទៅតាមរដូវក្នុងខែសីហា 2023 ខ្ពស់ជាងការរំពឹងទុក 0.4% និងជាសន្ទស្សន៍ប្រចាំខែខ្ពស់បំផុតរាប់ចាប់ពីខែមិថុនា 2022។
ក្រសួងខាងលើក៏បានរាយការណ៍ថា តួលេខនៃពាក្យស្នើសូមជំនួយពេលបាត់បង់ការងារនៅសហរដ្ឋអាម៉េរិក បានកើន 3,000 ពាក្យ នាំឱ្យតួលេខសរុបឡើងដល់ 220,000 ពាក្យ នៅក្នុងសប្ដាហ៍ដែលបញ្ចប់នៅថ្ងៃទី 09 កញ្ញា។
ធនាគារកណ្ដាលអឺរ៉ុប (ECB) បានដំឡើងការប្រាក់ 25 ពិន្ទុ ធ្វើឱ្យការប្រាក់នៃប្រាក់បញ្ញើកើនឡើងដល់ 4% កាលពីថ្ងៃទី 14 កញ្ញា។ ការដំឡើងការប្រាក់បាននាំឱ្យប្រាក់អឺរ៉ូធ្លាក់ថ្លៃ និងធ្វើឱ្យប្រាក់ដុល្លារអាម៉េរិកហក់ឡើង បណ្ដាលឱ្យមាសមិនអាចឡើងថ្លៃខ្ពស់ខ្លាំង។
សន្ទស្សន៍នៃរូបិយប័ណ្ណដុល្លារអាម៉េរិកកើន 0.6% ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង 6 ខែមកនេះ ធ្វើឱ្យកម្លាំងទាក់ទាញរបស់មាសចំពោះអ្នកវិនិយោគបរទេស ហើយអត្រាការប្រាក់នៃមូលបត្របំណុលរយៈពេលដប់ឆ្នាំនៅសហរដ្ឋអាម៉េរិក ក៏កើនឡើងផងដែរ។
ក៏ប៉ុន្តែ ក្រុមអ្នកវិភាគយល់ថា តម្លៃ 1,900 ដុល្លារ/អោនរបស់មាស ត្រូវបានគាំទ្រពីកត្តានានា ហើយថា នឹងទាក់ទាញអ្នកវិនិយោគបានច្រើនទៀត៕