GAC Aion ជាយីហោរថយន្តអគ្គិសនីរបស់សាជីវកម្មរថយន្តក្វាងចូវ (Guangzhou Automobile Corporation – GAC) ដែលជាអ្នកផ្គត់ផ្គង់រថយន្តអគ្គិសនីធំជាងគេលំដាប់ទីពីររបស់ប្រទេសចិន មានគម្រោងចាប់ផ្ដើមដំឡើងរថយន្តអគ្គិសនីដំបូងៗរបស់ខ្លួននៅខែមិថុនា 2024។ ការផលិតរថយន្តអគ្គិសនីនេះនឹងធ្វើឡើងនៅរោងចក្ររបស់ GAC Aion ក្នុងច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (EEC) របស់ប្រទេសថៃ។
នាយកប្រតិបត្តិរបស់ GAC Aion លោក Gu Huinan ឱ្យដឹងថា ក្រុមហ៊ុននេះគ្រោងនឹងផលិត Aion Y Plus ជារថយន្តអគ្គិសនីមួយប្រភេទដែលត្រូវបានបង្ហាញខ្លួននៅបាងកកកាលពីថ្ងៃទី 09 កញ្ញា 2023។ លោក Guinan និយាយថា ក្រុមហ៊ុនបានស្វែងយល់អំពី EEC និងជិតជ្រើសរើសខេត្តដើម្បីសាងសង់រោងចក្ររបស់ខ្លួន។
យោងតាម Bangkok Post ថៃគឺជាប្រទេសដំបូងដែលក្រុមហ៊ុនចិន GAC Aion ជ្រើសរើសជាទីតាំងដើម្បីវាយលុកទីផ្សារបរទេស។ លោក Huinan ដកស្រង់កត្តាសំខាន់បីដែលជាមូលហេតុនៅពីក្រោយការសម្រេចនេះ៖ រោងចក្រផលិតរថយន្តសំខាន់របស់អាស៊ាន ទីផ្សាររថយន្តអគ្គិសនីកំពុងរីកចម្រើន និងការជំរុញវិស័យរថយន្តអគ្គិសនីរបស់រាជរដ្ឋាភិបាល៕