ដោយធ្លាប់ត្រូវបានប្រើប្រាស់ក្នុងការបញ្ជូនសារក្នុងរយៈពេលរាប់សិបសតវត្សរ៍កាលពីសម័យមុនៗ សត្វព្រាបច្ចុប្បន្ននៅតែមានសមត្ថភាពខ្ពស់ក្នុងការបញ្ជូនទិន្នន័យ បើធៀបនឹងបណ្ដាញអ៊ីនធើណិតខ្សែកាបកញ្ចក់។
កាលពីសម័យបុរាណ សត្វព្រាបត្រូវបានជ្រើសរើសឱ្យធ្វើជាអ្នកនាំសារ ព្រោះតែវាអាចហោះហើររាប់ពាន់គីឡូម៉ែត្រ ឬឆ្ងាយជាងនេះក្នុងល្បឿនប្រហែល 100 គីឡូម៉ែត្រ/ម៉ោង។ សត្វព្រាបមួយចំនួនអាចហោះក្នុងល្បឿនរហូតដល់ 180 គីឡូម៉ែត្រ/ម៉ោង ជួយបញ្ជូនសារបានយ៉ាងឆាប់រហ័ស។
ក៏ប៉ុន្តែ ក្នុងសម័យបច្ចេកវិទ្យានេះ តើសត្វព្រាបអាចយកឈ្នះលើអ៊ីនធើណិត ឬអត់?
ដើម្បីឆ្លើយនឹងសំនួរខាងលើ ការពិសោធមួយត្រូវបានធ្វើឡើងកាលពីឆ្នាំ 2009 ហើយបន្ទាប់មកក៏ធ្វើឡើងជាថ្មីក្នុងឆ្នាំ 2023។ ក្នុងការប្រកួតលើនេះ សត្វព្រាបនៅតែមិនមានការប្រែប្រួល បើធៀបនឹងឆ្នាំ 2009។ ចំណែកល្បៀនរបស់អ៊ីនធើណិត ពិសេសគឺបណ្ដាញខ្សែកាបអុបទិចដែលធ្វើពីកញ្ចក់ នៅឆ្នាំ 2023 មានល្បឿនលឿនជាង ADSL របស់ឆ្នាំ 2009 ឆ្ងាយណាស់។ កាលនោះ ក្រុមហ៊ុនអ៊ីនធើណិត Telkom នៅអាហ្វ្រិកខាងត្បូងបានវាស់វែងពេលវេលា និងល្បឿននៃការបញ្ជូនទិន្នន័យរបស់សត្វព្រាបមួយក្បាល ដែលបំពាក់អង្គចងចាំ 4 GB ប្រៀបធៀបជាមួយនឹងល្បឿនអ៊ីនធើណិត ADSL របស់ Telkom។
ដោយហោះក្នុងល្បឿនរហូតដល់ 125 គីឡូម៉ែត្រ/ម៉ោង សត្វព្រាបខាងលើបានយកឈ្នះលើអ៊ីនធើណិតរបស់ក្រុមហ៊ុន Telkom។ លទ្ធផលបង្ហាញថា សត្វព្រាបបានចំណាយពេលប្រហែលមួយម៉ោង និង 8 នាទី ដើម្បីហោះដល់ទីតាំងដែលបានកំណត់ដែលមានចម្ងាយពីដើមទីប្រហែល 96 គីឡូម៉ែត្រ។ បើគិតទាំងពេលវេលាផ្ទេរទិន្នន័យ 4GB ដែលស៊ីពេលអស់មួយម៉ោងទៀត ពេលវេលាសរុបសម្រាប់ដំណើរការបញ្ជូនទិន្នន័យតាមសត្វព្រាបគឺប្រហែលជាងពីរម៉ោង។
ក្នុងរយៈពេលដូចគ្នានេះ សេវា ADSL របស់ Telkom ទើបតែផ្ញើ (ឬ upload) បាន 4% ធៀបនឹងទិន្នន័យ 4GB ដែលបញ្ជូនទៅកាន់កុំព្យូទ័រមួយផ្សេងទៀតដែលនៅឆ្ងាយពីនោះ 96 គីឡូម៉ែត្រ។
សត្វព្រាប និងអ៊ីនធើណិតបន្តប្រកួតនឹងគ្នាក្រោយរយៈពេល 14 ឆ្នាំ
14 ឆ្នាំ បន្ទាប់ពីការប្រកួតដំបូង ការប្រកួតមួយទៀតរវាងសត្វព្រាប និងអ៊ីនធើណិតក៏ត្រូវបានធ្វើឡើងជាថ្មីក្នុងឆ្នាំ 2023 ដោយ YouTuber ផ្នែកបច្ចេកវិទ្យា Jeff Geerling។
រូបមន្តនៃការប្រកួតក្នុងឆ្នាំ 2023 គឺដូចទៅនឹងឆ្នាំ 2009 នៅពេល YouTuber ឈ្មោះ Jeff Geerling បានភ្ជាប់ USB, SSD, SanDisk Extreme PRO 1TB (មួយគ្រាប់ទម្ងន់ 5 ក្រាម) ទៅលើជើងសត្វព្រាប និងឱ្យហោះទៅកាន់ទីតាំងមួយដែលមានចម្ងាយ 1.6 គីឡូម៉ែត្រ
លទ្ធផលនៃការប្រកួតលើកនេះបង្ហាញថា សត្វព្រាបចំណាយពេលប្រហែលមួយនាទីដើម្បីហោះដល់គោលដៅ។ បើបូកទាំងពេលវេលាចម្លងទិន្នន័យ 3TB ទៀត ព្រាបនៅតែយកឈ្នះលើបណ្ដាញអ៊ីនធើណិតខ្សែកាប។