Mark Zuckerberg ហាត់គុនលើស្រឡាងកណ្ដាលសមុទ្រជាមួយនឹងក្រុមអ្នកគុននិយម ខុសពីរូបភាពលាបគ្រែមការពារស្បែកពីកម្ដៅថ្ងៃនៅពេលជិះស្គីលើរលកទឹកកាលពីច្រើនឆ្នាំមុន។
ក្នុងវីដេអូដែលបង្ហោះលើ Instagram នាសប្ដាហ៍នេះ មហាសេដ្ឋី Mark Zuckerberg អួតសកម្មភាពហាត់គុនជាមួយនឹងមនុស្ស 11 នាក់ ក្នុងនោះក៏មានអ្នកប្រដាល់ MMA ល្បីឈ្មោះ រួមមាន Israel Adesanya មកពីនីហ្សេរីយ៉ា និង Alexander Volkanovski មកពីអូស្ត្រាលីផងដែរ។ ពួកគេប្រយុទ្ធគ្នាលើស្រឡាង អមនឹងភ្លេងរបស់ភាពយន្តរឿង Mission Impossible។
ក្រោយការបង្ហោះលើបណ្ដាញសង្គមបានពីរថ្ងៃ « វីដេអូនេះ » ទទួលបានការចុចចូលចិត្តជិត 200,000 លើក រួមនឹងមតិរាប់ពាន់លើក។ អ្នកខ្លះថា ម្ចាស់ Facebook កំពុងតែបញ្ចេញភាពខ្លាំងក្លា ខុសពីរូបភាពលាបគ្រែមការពារស្បែកពីកម្ដៅថ្ងៃនៅពេលជិះស្គីលើរលកទឹកកាលពីឆ្នាំ 2020។ ចំណែកអ្នកខ្លះទៀតក៏សរសេររំលឹកដល់រឿងមហាសេដ្ឋី Elon Musk បបួល Mark Zuckerberg ប្រកួតប្រដាល់លើសង្វៀន។
កាលពីចុងខែមិថុនា 2023 នៅលើបណ្ដាញសង្គម Twitter (បច្ចុប្បន្នគឺ X) លោក Elon Musk បានបបួលលោក Zuckerberg ប្រកួតប្រដាល់ ហើយក្រោយមក CEO របស់ Meta ក៏យល់ព្រម។ អ្នកទាំងពីរឆ្លងឆ្លើយនឹងគ្នាជាបន្តបន្ទាប់លើបណ្ដាញសង្គម X និង Threads ទាក់ទិននឹងការប្រកួតនេះ ប៉ុន្តែចុងក្រោយលោក Musk ក៏បានទទួលស្គាល់ថា លោកនិយាយលេង៕