ប្រព័ន្ធកង្ហារផលិតអគ្គិសនីពីកម្លាំងខ្យល់លើសមុទ្រដែលមានថាមពល 16 MW និងជាផលិតផលក្នុងស្រុករបស់ប្រទេសចិន ដំណើរការនៅលើសមុទ្រខេត្ត Fujian បង្កើតបានកំណត់ត្រាថ្មីស្ដីពីការផលិតអគ្គិសនីក្នុងមួយថ្ងៃ កាលពីថ្ងៃទី 01 កញ្ញា 2023។
យោងតាមក្រុមហ៊ុនចិន CTGC ដែលគ្រប់គ្រងទួរប៊ីនខាងលើ ប្រព័ន្ធកង្ហារលើសមុទ្រនេះដំណើរការ 24 ម៉ោងក្នុងមួយថ្ងៃ និងផលិតអគ្គិសនីក្នុងមួយថ្ងៃបានរហូតដល់ 384,000 គីឡូវ៉ាតម៉ោង ស្មើនឹងបរិមាណអគ្គិសនីដែលប្រើប្រាស់ក្នុងមួយថ្ងៃរបស់មនុស្សជិត 170,000 នាក់។
សូមបញ្ជាក់ថា បន្ទាប់ពីត្រូវបានដំឡើងកាលពីចុងខែមិថុនា 2023 ទួរប៊ីនខ្យល់ខាងលើត្រូវបានតភ្ជាប់ជាមួយនឹងបណ្ដាញអគ្គិសនី និងចាប់ផ្ដើមផលិតអគ្គិសនីពីថ្ងៃទី 19 កក្កដា។
តាមផែនការ ទួរប៊ីនខ្យល់នេះនឹងផលិតអគ្គិសនីបានជាង 66 លានគីឡូវ៉ាត់ម៉ោងក្នុងមួយឆ្នាំ ដែលនេះគឺគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ដល់តម្រូវការរបស់មនុស្សនៅក្នុង 36,000 គ្រួសារដែលក្នុងមួយគ្រួសារមានសមាជិកបីនាក់។ ប្រព័ន្ធកង្ហារផលិតអគ្គិសនីនេះមានស្លាបចក្រដែលវិលក្នុងផ្ទៃក្រឡាប្រហែល 50,000 ម៉ែត្រការ៉េ ស្មើនឹងទីលានបាល់ទាត់ស្ដង់ដាចំនួន 7 បូកចូលគ្នា។