លោក Elon Musk បានចូលរួមបង្កើត ឬគ្រប់គ្រងក្រុមហ៊ុនសរុបចំនួនដប់ ដែលភាគច្រើនស្ថិតក្នុងវិស័យបច្ចេកវិទ្យា និងមានភាពច្នៃប្រឌិតខ្ពស់។
យោងតាម Forbes គិតចាប់តាំងពីលោកចាប់ផ្ដើមចេញរកស៊ីកាលពីអាយុ 24 ឆ្នាំរហូតដល់បច្ចុប្បន្ន មហាសេដ្ឋីវ័យ 51 ឆ្នាំរូបនេះមានទ្រព្យសរុបប្រហែល 243 ពាន់លានដុល្លារអាម៉េរិក និងជាអ្នកមានទ្រព្យច្រើនជាងគេលំដាប់ទីមួយក្នុងពិភពលោក។
ក្រុមហ៊ុន Zip2
ឆ្នាំ 1995 បន្ទាប់ពីខ្ចីបានប្រាក់ 28,000 ដុល្លារពីឪពុក លោក Elon Musk និងប្អូនបង្កើត Kimbal បើកក្រុមហ៊ុន Zip2 ដែលជាគម្រោងផ្ដល់សេវាកម្មផែនទី និងសៀវភៅលេខទូរស័ព្ទដល់គេហទំព័រព័ត៌មាននានា។ បួនឆ្នាំក្រោយមក ពួកគេក៏លក់ Zip2 ទៅឱ្យក្រុមហ៊ុន Compaq ក្នុងតម្លៃ 307 លានដុល្លារ។ លោក Elon Musk ទទួលបាន 22 លានដុល្លារ និងបន្តការវិនិយោគលើគម្រោងដទៃ។
ក្រុមហ៊ុន PayPal
ឆ្នាំ 1999 បន្ទាប់ពីបានលក់ Zip2 លោក Elon Musk ក៏បានចំណាយ 12 លានដុល្លារដើម្បីបង្កើតក្រុមហ៊ុនផ្ដល់សេវាកម្មហិរញ្ញវត្ថុតាមអនឡាញ X.com។ ឆ្នាំ 2000 លោកក៏យល់ព្រមច្របាច់បញ្ចូលគ្នារវាង X.com និងគូប្រជែង Confinity ហើយប្ដូរឈ្មោះទៅជា PayPal។ ប៉ុន្តែ ក្រោយមក លោកក៏ត្រូវបង្ខំឱ្យចាកចេញពីកៅអីប្រធាន។
PayPal ត្រូវបាន eBay ទិញក្នុងតម្លៃ 1.5 ពាន់លានដុល្លារកាលពិឆ្នាំ 2002។ លោក Elon Musk គឺជាភាគហ៊ុនិកធំជាងគេ និងទទួលបានពី 160 ទៅ 180 លានដុល្លារ។ លោកក៏ប្រើប្រាស់ប្រាក់នេះវិនិយោគទៅលើ SpaceX និង Tesla ដែលក្រុមហ៊ុននាំឱ្យលោកក្លាយជាមហាសេដ្ឋី។
SpaceX
SpaceX គឺជាក្រុមហ៊ុនអវកាសដែលលោក Musk និង Tom Mueller បង្កើតឡើងកាលពីឆ្នាំ 2002។ គោលដៅរបស់ពួកគេគឺការកាត់បន្ថយការចំណាយក្នុងការដឹកជញ្ជូនមនុស្ស និងទំនិញឡើងទៅកាន់ទីអវកាស។ បច្ចុប្បន្ន SpaceX ត្រូវបានកំណត់តម្លៃឡើងដល់ប្រហែល 150 ពាន់លានដុល្លារ។
ក្រុមហ៊ុន Tesla
Tesla ត្រូវបានបង្កើតឡើងកាលពីឆ្នាំ 2003។ បច្ចុប្បន្ន Tesla គឺជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំជាងគេលើពិភពលោក។
SolarCity
ឆ្នាំ 2006 ដោយយោងទៅតាមគំនិតរបស់លោក Musk បងប្អូនជីដូនមួយរបស់លោក គឺ Peter និង Lyndon Rive បានបង្កើត SolarCity ដែលផលិតផ្ទាំងសូឡា។ ក្រោយមក លោក Musk ក៏ធ្វើជាប្រធាន និងជាភាគហ៊ុនិកធំជាងគេក្នុងក្រុមហ៊ុននេះ។
ឆ្នាំ 2016 Tesla ទិញយក SolarCity ក្នុងតម្លៃ 2.6 ពាន់លានដុល្លារដើម្បីជួយដល់សកម្មភាពរបស់ Tesla Energy ក្នុងវិស័យរក្សាថាមពលព្រះអាទិត្យសម្រាប់ផ្គត់ផ្គង់ដល់ស្ថានីយបញ្ចូលអគ្គិសនីដោយមិនគិតថ្លៃសម្រាប់រថយន្តអគ្គិសនី។
OpenAI
ឆ្នាំ 2015 លោក Musk ចូលរួមបង្កើតក្រុមហ៊ុនមិនស្វែងរកប្រាក់កម្រៃ OpenAI ដែលសិក្សាស្រាវជ្រាវអំពីបញ្ញាសិប្បនិម្មិត។ ប៉ុន្តែ លោក Musk បានចាកចេញពីក្រុមហ៊ុននេះកាលពីឆ្នាំ 2018។
ឆ្នាំ 2019 OpenAI ទទួលបានប្រាក់វិនិយោគមួយពាន់លានដុល្លារពី Microsoft។ បច្ចុប្បន្ន OpenAI បានងាកទៅស្វែងរកប្រាក់កម្រៃដោយមានផលិតផលសំខាន់គឺ ChatGPT។
Neuralink
នេះគឺជាក្រុមហ៊ុនបច្ចេកវិទ្យាទាក់ទងនឹងប្រព័ន្ធប្រសាទដែលលោក Musk បង្កើតឡើងកាលពីឆ្នាំ 2016។ គោលដៅរបស់ក្រុមហ៊ុននេះគឺការអភិវឌ្ឍវិធីសាស្ត្រព្យាបាលជំងឺដែលទាក់ទងនឹងខួរក្បាល និងតភ្ជាប់ខួរក្បាលមនុស្សជាមួយនឹងកុំព្យូទ័រតាមរយៈឧបករណ៍តូចដែលភ្ជាប់ក្នុងក្បាលមនុស្ស។
The Boring Company
ឆ្នាំ 2017 លោក Musk បង្កើតក្រុមហ៊ុននេះដើម្បីជួយផ្លាស់ប្ដូរបណ្ដាញគមនាគមន៍នៅសហរដ្ឋអាម៉េរិក។ ក្រុមហ៊ុននេះមានគម្រោងសាងសង់ផ្លូវរូងក្រោមដីសម្រាប់រថយន្តល្បឿនលឿនបើកបរដោយស្វ័យប្រវត្ត។
ក្រុមហ៊ុន X
X ដើមឡើយគឺជាបណ្ដាញសង្គម Twitter ប៉ុន្តែត្រូវលោក Musk ទិញកាលពីខែតុលា 2022 ក្នុងតម្លៃ 44 ពាន់លានដុល្លារ។ ខែកក្កដា 2023 លោកក៏បានប្ដូរឈ្មោះ និងឡូហ្គោ Twitter ទៅជា X។
ក្រុមហ៊ុន xAI
ខែកក្កដា 2023 xAI ត្រូវបានលោក Musk បង្កើតឡើងដើម្បីស្វែងយល់អំពីចក្រវាល និងអភិវឌ្ឍដំណោះស្រាយដើម្បីជំនួស ChatGPT៕