(ស៊ុយអែត) – រថយន្តដឹកទំនិញដែលសាកល្បងដំណើរការក្នុងគម្រោងពិសោធន៍ថ្មី ពាសផ្ទាំងសូឡាដែលមានផ្ទៃក្រឡារហូតដល់ 100 ម៉ែត្រការ៉េ ជួយឱ្យរថយន្តធ្វើដំណើរបន្ថែមបាន 5,000 គីឡូម៉ែត្រ ដោយមិនបាច់ឈប់ចាក់សាំង។
សាកលវិទ្យាល័យ Uppsala សហការជាមួយបណ្ដាក្រុមហ៊ុន Eksjo Maskin & Truck, Midsummer, Ernsts Express, Dalakraft និង Scania អនុវត្តគម្រោងស្រាវជ្រាវថ្មីមួយដើម្បីអភិវឌ្ឍរថយន្តដឹកទំនិញដំណើរការដោយថាមពលព្រះអាទិត្យ។ គម្រោងនេះឧបត្ថម្ភដោយស្ថាប័នច្នៃប្រឌិត Vinnova របស់ស៊ុយអែត។
យោងតាមទំព័រ New Atlas ក្រុមអ្នកជំនាញអភិវឌ្ឍផ្ទាំងសូឡាស្រាលសម្រាប់ភ្ជាប់លើរថយន្ត ដើម្បីទាញយកថាមពលពីកម្ដៅព្រះអាទិត្យ ជួយកាត់បន្ថយការចំណាយ និងការបំភាយឧស្ម័ន។ល។
រថយន្តដឹកទំនិញខាងលើប្រើប្រាស់ម៉ាស៊ីនកម្លាំង 560 សេះ និងមានដងខ្លួនប្រវែង 18 ម៉ែត្រ ក្នុងនោះផ្ទៃក្រឡាខាងក្រៅទំហំ 100 ម៉ែត្រការ៉េត្រូវបានគ្របដោយផ្ទាំងសូឡាកម្លាំង 13.2 គីឡូវ៉ាត់ ដែលអាចបង្កើតអគ្គិសនីបានប្រហែល 8,000 គីឡូវ៉ាត់ម៉ោង/ឆ្នាំ ពេលប្រើប្រាស់នៅក្នុងប្រទេសស៊ុយអែត។ ថ្មផ្ទុកអគ្គិសនីរបស់រថយន្តនេះមានកម្លាំង 300 គីឡូវ៉ាត់ម៉ោង ក្នុងនោះ 100 គីឡូវ៉ាត់ម៉ោងសម្រាប់ក្បាលរថយន្ត និង 200 គីឡូវ៉ាត់ម៉ោងសម្រាប់ទូសណ្ដោង។
បើទោះនៅស៊ុយអែតខ្វះថាមពលព្រះអាទិត្យព្រោះតែអាកាសធាតុ ប៉ុន្តែផ្ទាំងសូឡាដែលភ្ជាប់លើរថយន្តដឹកទំនិញខាងលើនៅតែអាចទាញយកថាមពលបានច្រើន ជួយឱ្យរថយន្តធ្វើដំណើរបន្ថែមបានរហូតដល់ 5,000 គីឡូម៉ែត្ររៀងរាល់ឆ្នាំ ដែលជួយឱ្យរថយន្តមិនបាច់ឈប់ដើម្បីចាក់សាំង។ ក្រុមស្រាវជ្រាវសង្ឃឹមថា ថាមពលព្រះអាទិត្យដែលប្រមូលបាននៅក្នុងបណ្ដាប្រទេសក្បែរតំបន់អេក្វាទ័រនឹងខ្ពស់ជាងនេះទ្វេដង៕