(សហរដ្ឋអាម៉េរិក) – ក្រុមហ៊ុន Boom Supersonic ប្រកាសថា យន្តហោះល្បឿនលឿនជាងសំឡេងគំរូដើមរបស់ពួកគេបានឆ្លងផុតការសាកល្បងនៅលើដី និងទទួលបានការអនុញ្ញាតពី FAA ក្នុងការហោះហើរសាកល្បងនាពេលខាងមុខ។
យន្តហោះ XB-1 ដែលមានទំហំស្មើនឹង 1/3 នៃទំហំផ្លូវការក្នុងគម្រោងអភិវឌ្ឍយន្តហោះដឹកអ្នកដំណើរល្បឿនលឿនជាងសំឡេង Overture ត្រូវបានក្រុមហ៊ុន Boom ធ្វើតេស្តលើដីនៅឯអវកាសយានដ្ឋាន Mojave ក្នុងរដ្ឋ California មុននឹងដំណើរហោះហើរសាកល្បងដំបូង។ នេះបើតាម New Atlas ចុះផ្សាយកាលពីថ្ងៃទី 29 សីហា 2023។
រដ្ឋបាលអាកាសចរណ៍សហរដ្ឋអាម៉េរិក (FAA) បានអនុញ្ញាតឱ្យ XB-1 ធ្វើការហោះហើរដំបូងដោយមានពីឡុត។ XB-1 មានបណ្ដោយ 21 ម៉ែត្រ, ស្លាបប្រវែង 5.2 ម៉ែត្រ, កម្ពស់ 5.2 ម៉ែត្រ និងទម្ងន់អតិបរមាពេលហោះហើរគឺ 6,123 គីឡូក្រាម។
យន្តហោះនេះបំពាក់ម៉ាស៊ីន General Electric J85-15 ដែលប្រើប្រាស់ឥន្ធនៈអាកាសចរណ៍ប្រកបដោយស្ថិរភាព (SAF) ចំនួនបីគ្រឿង ផ្ដល់កម្លាំងរុញច្រានសរុប 5,579 គីឡូក្រាម និងល្បឿន 2,100 គីឡូម៉ែត្រ/ម៉ោង។