Galactic Energy ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាមួយរបស់ចិន អាចបង្កើតរបត់ថ្មីនៅក្នុងការប្រកួតប្រជែងក្នុងវិស័យអវកាសចរណ៍អន្តរជាតិ ដែលបច្ចុប្បន្នកំពុងត្រូវបាននាំមុខដោយក្រុមហ៊ុនអាម៉េរិក SpaceX។
កាលពីឆ្នាំ 2017 ក្រុមហ៊ុនអវកាស SpaceX (សហរដ្ឋអាម៉េរិក) ដែលគ្រប់គ្រងដោយមហាសេដ្ឋី Elon Musk បានបង្កើតប្រវត្តិសាស្ត្រមួយ ដោយទទួលបានជោគជ័យក្នុងការបាញ់បង្ហោះរ៉ុក្កែត Falcon 9 ដែលប្រើប្រាស់រួចហើយ។
ពេលនេះ Galactic Energy ដែលជាក្រុមហ៊ុនមួយរបស់ចិន ក៏មានឱកាសធ្វើដូច SpaceX។ បើសិនបេសកកម្មបាញ់បង្ហោះនេះបានជោគជ័យ វានឹងជួយឱ្យប្រទេសចិនបោះជំហានមួយធំទៀតនៅក្នុងការប្រកួតប្រជែងក្នុងវិស័យអវកាស។
កាលពីចុងខែកក្កដាកន្លងទៅ Galactic Energy បានប្រកាសថា កំពុងសាកល្បងបច្ចេកវិទ្យាម៉ាស៊ីនប្រតិកម្មរបស់រ៉ុក្កែតរុញច្រានមួយប្រភេទ។ នេះគឺជាផ្នែកមួយដែលនឹងជួយឱ្យរ៉ុក្កែតចុះចតដោយសុវត្ថិភាព ដើម្បីអាចប្រើប្រាស់ឡើងវិញ។
តំណាងរបស់ Galactic Energy ឱ្យដឹងថា អត្រានៃការល្អៀងរបស់គន្លងគោចរ និងចំណុចចុះចត រួមនឹងតួលេខផ្សេងទៀតរបស់ម៉ាស៊ីននេះ សុទ្ធតែឆ្លើយតបនឹងតម្រូវការនៃការរចនា។ ការធ្វើតេស្តគឺជាផ្នែកមួយនៅក្នុងគម្រោងប្រើប្រាស់ឡើងវិញនូវរ៉ុក្កែត Pallas 1 ក្នុងបេសកកម្មដែលនឹងធ្វើឡើងនៅឆ្នាំ 2024។
រ៉ុក្កែត Pallas 1 ត្រូវបានផលិតឡើងដើម្បីអាចដឹកទំនិញទម្ងន់ 5,000 គីឡូក្រាម ឡើងទៅកាន់គន្លងតារាវិថីកម្រិតទាបរបស់ផែនដី ហើយវិលត្រលប់មកចុះចតដោយឈរត្រង់ដូចទៅនឹងបណ្ដារ៉ុក្កែតរបស់ SpaceX ក៏ដូចជាគម្រោងរបស់ SpaceX សម្រាប់រ៉ុក្កែត Falcon 9 នៅឆ្នាំ 2025។
គិតមកដល់បច្ចុប្បន្ន ប្រទេសចិនមិនទាន់បានបាញ់បង្ហោះរ៉ុក្កែតដែលអាចប្រើប្រាស់ឡើងវិញណាមួយនៅឡើយ។ នេះនៅតែជាវិស័យដែលកំពុងត្រូវបាននាំមុខដោយបណ្ដាក្រុមហ៊ុននៅសហរដ្ឋអាម៉េរិក។
ទោះជាយ៉ាងណាក៏ដោយ គ្រប់យ៉ាងនឹងបានប្ដូរផ្លាស់ បើសិនបណ្ដាក្រុមហ៊ុនចិន មានជាអាទិ៍ Galactic Energy, Landspace, iSpace, Deep Blue Aerospace, CAS Space និង Space Pioneer ជាដើម ទទួលបានជោគជ័យក្នុងការបាញ់បង្ហោះរ៉ុក្កែតដែលអាចប្រើប្រាស់ឡើងវិញ៕