មហាសេដ្ឋី Elon Musk ឱ្យដឹងថា មិនទាន់ជ្រើសយកកាលបរិច្ឆេទសម្រាប់ការប្រកួតប្រដាល់ជាមួយនឹងម្ចាស់ Facebook ដោយសារតែត្រូវពិនិត្យសុខភាព ហើយប្រហែលជាត្រូវវះកាត់ផងក៏មិនដឹង។
ការឆ្លើយតបនេះត្រូវបានម្ចាស់ក្រុមហ៊ុន Tesla លើកឡើងកាលពីថ្ងៃទី 07 សីហា ក្រោយពីមហាសេដ្ឋី Mark Zuckerberg «រអ៊ូរទាំ» លើបណ្ដាញសង្គម Threads ស្ដីពីរឿងមិនទាន់ទទួលបានចម្លើយពីលោក Elon Musk បើទោះបានណាត់ប្រកួតនៅថ្ងៃទី 26 សីហា។
«ថ្ងៃផ្លូវការអាចនឹងផ្លាស់ប្ដូរ» លោក Musk ឆ្លើយតបនៅលើបណ្ដាញសង្គម X (មុននោះគឺ Twitter) យ៉ាងដូច្នេះ។
មូលហេតុដែលត្រូវបានលោក Musk លើកឡើង គឺថា លោកត្រូវទៅថត MRI ត្រង់ក និងខ្នង ហើយអាចនឹងត្រូវតម្រូវឱ្យធ្វើការវះកាត់ មុនពេលការប្រកួតមកដល់។ លទ្ធផលនៃការពិនិត្យសុខភាពរបស់លោក Musk គ្រោងនឹងមាននៅសប្ដាហ៍នេះ។
នេះមិនមែនជាលើកដំបូងទេ ដែលលោក Musk លើកឡើងអំពីបញ្ហាឆ្អឹងរបស់គាត់។ កាលពីខែមីនាឆ្នាំកន្លង ក្នុង tweet ដែលលោកនិយាយជាមួយស្ថាបនិក Binance លោក Changpeng Zhao លោក Musk ក៏ធ្លាប់បានបង្ហោះរូបថត និងប្រាប់ថា ការប្រកួតជាមួយអ្នកកីឡាករ sumo បានបណ្ដាលឱ្យលោកជួបបញ្ហាឈឺខ្នង 8 ឆ្នាំកន្លង។
ក្រោយពីលោក Elon Musk បានបង្ហោះសារទាក់ទងនឹងបញ្ហាសុខភាពខាងលើ ភាគហ៊ុនរបស់ Tesla ក៏បានធ្លាក់ថ្លៃអស់ 2%។
ការបបួលប្រយុទ្ធលើសង្វៀនរវាងម្ចាស់បណ្ដាញសង្គមធំៗលើពិភពលោកនេះ ត្រូវបានលើកឡើងកាលពីចុងខែមិថុនា ឆ្នាំ 2023 នៅពេលលោក Musk រិះគន់ចំពោះរឿង Meta បង្ហាញបណ្ដាញសង្គម Threads។ អ្នកលេងបណ្ដាញសង្គមម្នាក់ព្រមានថា មិនគួរគំរាមកំហែង Zuckerberg ព្រោះថា គាត់ចេះក្បាច់គុន។ សំណេរនេះ ភ្លាមនោះក៏ធ្វើឱ្យលោក Musk បបួលប្រយុទ្ធគ្នា ហើយ Zuckerberg ក៏បានយល់ព្រមយ៉ាងលឿន។
យោងតាម Dana White ប្រធានស្ថាប័នក្បាច់គុន UFC ដែលធ្លាប់បានជជែកជាមួយលោក Musk និង Zuckerberg និយាយថា មហាសេដ្ឋីទាំងពីររូបនេះសុទ្ធតែបង្ហាញភាពម៉ឺងម៉ាត់។ ការប្រកួតនេះត្រូវបានគេរំពឹងថា អាចរកប្រាក់ចំណូលបានលើសពីមួយពាន់លានដុល្លារអាម៉េរិក៕