(ប្រទេសចិន) – រ៉ូបូត Qibbot អាចត្រូវបានបញ្ជាពីចម្ងាយ និងធ្វើត្រាប់តាមយឺតជាងការបញ្ជាត្រឹមតែ 12 មិល្លីវិនាទី ដែលមិនទាន់ស្មើនឹង 1/15 បើធៀបនឹងថេរវេលានៃការធ្មេចភ្នែក។
ក្រុមហ៊ុន Qibo Robot មានទីស្នាក់ការនៅភាគខាងកើតប្រទេសចិន អភិវឌ្ឍរ៉ូបូត Qibbot ដៃមួយ និងអាចបញ្ជាពីចម្ងាយ ដើម្បីបង្ហាញពីការធ្វើត្រាប់កាយវិការរបស់អ្នកប្រដាល់។ អ្នកគ្រប់គ្រង Qibbot អាចឈរក្បែរ និងបញ្ជាទៅលើរ៉ូបូតដោយកាយវិការ។
នៅក្នុងវីដេអូដែល Qibo Robot បានចែករំលែក រ៉ូបូត Qibbot ធ្វើត្រាប់តាមបញ្ជា យឺតជាងតែ 12 មិល្លីវិនាទីដែលមិនទាន់ស្មើនឹង 1/15 ផង បើធៀបនឹងថេរវេលានៃការធ្មេចភ្នែក ដែលនេះគឺជាកំណាត់ត្រាថ្មីមួយសម្រាប់ប្រព័ន្ធរ៉ូបូតបញ្ជាពីចម្ងាយ។ ក្រុមហ៊ុន Qibo Robot អះអាងថា នេះគឺជា telerobot (រ៉ូបូតបញ្ជាពីចម្ងាយ) ដែលធ្វើត្រាប់តាមបានលឿនបំផុតនៅលើពិភពលោក។
អ្នកប្រដាល់យន្ត Qibbot នេះមានកម្ពស់ 1.9 ម៉ែត្រ មានដៃម្ខាងប្រវែង 1.5 ម៉ែត្រ និងមានទម្ងន់សរុប 140 គីឡូក្រាម។
រ៉ូបូតនេះត្រូវបានចាប់ផ្ដើមអភិវឌ្ឍតាំងពីឆ្នាំ 2019 ហើយក្រុមការងារបានចំណាយពេលអស់ 3 ឆ្នាំទើបបង្កើតបានកំណែដំបូង។ ក្រោយមក ពួកគេក៏ចំណាយពេលអស់មួយឆ្នាំទៀតនៅក្នុងការកែលំអ មុនពេលបង្ហាញខ្លួន Qibbot កាលពីខែមិថុនា 2023។
ក្រុមហ៊ុនខាងលើគ្រោងនឹងអភិវឌ្ឍកំណែទីពីររបស់ Qibbot ដែលមានដៃពីរនៅចុងឆ្នាំនេះ។ Qibo Robotអះអាងថា រ៉ូបូតប្រភេទនេះអាចប្រើប្រាស់បាននៅក្នុងករណីបន្ទាន់ និងគ្រោះថ្នាក់ មានជាអាទិ៍ សកម្មភាពប្រឆាំងបទល្មើសឧក្រិដ្ឋ សកម្មភាពយោធា ឬលើកកម្ពស់ការផលិតក្នុងរោងចក្រជាដើម៕