កំពូលតារាចម្រៀងប៉ប់ Taylor Swift បានចំណាយប្រាក់ចំនួន 55 លានដុល្លារ សម្រាប់ជារង្វាន់ជូនក្រុមការងារបើកឡាន អ្នករៀបចំអាហារហូបចុច អ្នកដំឡើងឆាក និងក្រុមអ្នករាំជាដើម ដែលធ្វើការនៅក្នុងដំណើរសំដែង Eras Tour របស់នាងនៅសហរដ្ឋអាម៉េរិក។
យោងតាមប្រភពព័ត៌មាននានាដែលបានប្រាប់ទំព័រ People កំពូលតារាចម្រៀងស្រី Taylor Swift ថ្មីៗនេះបានប្រគល់ប្រាក់រង្វាន់ជូនដល់បុគ្គលិកទាំងអស់ដែលបម្រើការនៅក្នុងដំណើរសំដែងជុំវិញសហរដ្ឋអាម៉េរិករបស់នាងនៅក្នុងរយៈពេល 5 ខែកន្លង។
ទំព័រ TMZ ក៏បានផ្សាយថា កំពូលតារាចម្រៀងវ័យ 33 ឆ្នាំរូបនេះ បានផ្ដល់រង្វាន់ជូនដល់អ្នកបើកបររថយន្តម្នាក់ៗ 100,000 ដុល្លារ។ អ្នកបើកបររថយន្តដឹកសម្ភារៈសម្រាប់ការសម្ដែងរបស់ Taylor Swift មានប្រហែល 50 នាក់ ដែលនេះមានន័យថា គ្រាន់តែអ្នកបើកបររថយន្តមួយមុខ Taylor ត្រូវចំណាយប្រាក់អស់ 5 លានដុល្លារបាត់ទៅហើយ។
ទិន្នន័យរបស់ Pollstar បង្ហាញថា Eras Tour រកប្រាក់ពីការលក់សំបុត្របាន 300.8 លានដុល្លារអាម៉េរិក រាប់ចាប់តាំងពីខែមីនារហូតដល់បច្ចុប្បន្ន។ តម្លៃជាមធ្យមរបស់សំបុត្រចូលទស្សនាខន់ស៊ើតរបស់ Taylor Swift គឺ 253 ដុល្លារ។ បន្ទាប់ពីការសម្ដែងនៅក្នុង 22 ទីតាំងបានបញ្ចប់ Eras Tour លក់សំបុត្របានជាងមួយលានសន្លឹក។
តាមគម្រោង Taylor Swift នឹងបញ្ចប់រដូវកាលសម្ដែងរបស់ខ្លួននៅសហរដ្ឋអាម៉េរិកត្រឹមពាក់កណ្ដាលខែសីហានេះ។ ចាប់ពីចុងខែនេះ Taylor Swift នឹងចាប់ផ្ដើមដំណើរសម្ដែងរបស់ខ្លួននៅអាម៉េរិកឡាទីន បន្ទាប់មកគឺនៅអាស៊ី អឺរ៉ុប និងអូស្ត្រាលីនាឆ្នាំក្រោយ។
កម្មវិធីដំណើរសម្ដែង Eras Tour របស់ Taylor Swift ត្រូវបានគេព្យាករថា នឹងជាព្រឹត្តិការណ៍សម្ដែងដែលរកបានប្រាក់ចំណូលច្រើនជាងគេបង្អស់នៅគ្រប់សម័យកាល។
យោងតាមស្ថិតិរបស់ទស្សនាវដ្ដី Forbes ដែលបានចុះផ្សាយកាលពីខែមិថុនា 2023 Taylor Swift គឺជាអ្នកចម្រៀងរកស៊ីមានបានដោយខ្លួនឯងមានទ្រព្យច្រើនជាងគេលំដាប់ទីពីរក្នុងវិស័យចម្រៀង បន្ទាប់ពី Rihanna។ នាងក៏ជាប់ចំណាត់ថ្នាក់ទី 34 នៅក្នុងតារាងចំណាត់ថ្នាក់ស្ដីពី «ស្ត្រីរកស៊ីមានបានដោយខ្លួនឯងដែលមានទ្រព្យច្រើនបំផុតនៅសហរដ្ឋអាម៉េរិក»។ ទ្រព្យសរុបរបស់ Taylor Swift ត្រូវបានគណនាឃើញថា មានរហូតដល់ 740 លានដុល្លារអាម៉េរិក៕