AudioCraft គឺជា AI (បញ្ញាសិប្បនិម្មិត) ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់និពន្ធបទភ្លេង ឬសំឡេងបែបអាជីពដោយគ្រាន់តែត្រូវការសំណេររៀបរាប់អំពីខ្លឹមសារដែលត្រូវការបង្កើត។
ចូរស្រមៃមើលថាវាអស្ចារ្យកម្រិតណា នៅពេលតន្ត្រីករអាជីពម្នាក់អាចបង្កើតស្នាដៃនិពន្ធថ្មីដោយមិនចាំបាច់លេងភ្លេងអ្វីទាំងអស់ ឬថា អ្នកជំនួញម្នាក់ចង់បន្ថែម background music (ខ្ញុំហៅថា តន្ត្រីកំដរ) ទៅក្នុងវីដេអូផ្សាយពាណិជ្ជកម្មថ្មីបំផុត។ «នោះគឺនៅពេល AudioCraft បញ្ចេញប្រសិទ្ធភាព» តំណាងរបស់ Meta ឱ្យដឹងដូច្នេះ។
យោងតាម Meta ឧបករណ៍ AudioCraft បំពាក់បញ្ញាសិប្បនិម្មិតចំនួន 3 រួមមាន MusicGen, AudioGen និង Encodec។ MusicGen គឺជា AI ដែល Meta អភិវឌ្ឍតាំងពីឆ្នាំ 2022 និងអាចបង្កើតសូរសព្ទតន្ត្រីពីសំណេរ ខណៈដែល AudioGen មានជំនាញខាងកែប្រែសំឡេង ហើយក៏អាចបង្កើតសំឡេងពីសំណេរ មានជាអាទ៌ សំឡេងសុនកព្រុស សំឡេងស៊ីផ្លេឡាន ឬសំឡេងស្បែកជើងមនុស្សដើរជាដើម។
ចំណែក EnCodec វិញ គឺជាឧបករណ៍ដោះកូដសំឡេងដោយយោងទៅលើ AI ដែលបង្ហាញវត្តមានកាលពីឆ្នាំ 2022។ AI នេះក៏អាចនិពន្ធបទភ្លេងគុណភាពខ្ពស់ដោយមិនត្រូវការសំណេរច្រើនផងដែរ។ ទាំងអស់ខាងលើនេះត្រូវបានហៅថា AudioCraft ដែលជាកម្មវិធីបង្កើតសំឡេងប្រកបដោយគុណភាព និងងាយស្រួលប្រើប្រាស់។
បច្ចុប្បន្ន ឧបករណ៍បញ្ញាសិប្បនិម្មិតចេះនិពន្ធ (Generative artificial intelligence) អាចបង្កើតរូបភាព និងវីដេអូដែលស្ទើរតែដូចបេះបិទទៅនឹងការពិតជាក់ស្ដែង ដោយគ្រាន់តែប្រើប្រាស់សំណេរ។ ក៏ប៉ុន្តែ ក្នុងវិស័យសំឡេង វាហាក់មិនទាន់រីកចម្រើននៅឡើយ ដោយសារតែវាមានភាពលំបាកជាងវិស័យដទៃ៕