ថ្មីៗនេះ សារព័ត៌មានចិនបានរាយការណ៍ថា មានស្ត្រីម្នាក់ប្រកាសថា មិនបានដេកអស់រយៈពេលប្រហែល 4 ទសវត្សរ៍មកហើយ ប៉ុន្តែមិនមានសភាពងងុយដេក ឬអស់កម្លាំងអ្វីឡើយ។
មនុស្សគ្រប់រូបត្រូវការដំណេកដើម្បីយកកម្លាំងមកវិញ ប៉ុន្តែ Li Zhanying ដែលជាស្ត្រីម្នាក់រស់នៅក្នុងខេត្ត Henan ប្រទេសចិន បានឱ្យដឹងថា បានឆ្លងកាត់ពេលវេលា 40 ឆ្នាំ ដោយមិនបានដេកពួនសោះឡើយ។ នេះគឺជារឿងចម្លែកដែលត្រូវបានបញ្ជាក់ដោយស្វាមីរបស់អ្នកស្រី និងអ្នកជិតខាង។
អ្នកស្រី Li ប្រាប់ថា តាមការចងចាំ គាត់ធ្លាប់បានដេកមួយដំណេកកាលពីអាយុ 5 ឬ 6 ឆ្នាំ។ ក៏ប៉ុន្តែពេលនេះ បើទោះមានអាយុជាង 40 ទៅហើយ ដំណេករបស់អ្នកស្រី គឺនៅសល់តែអនុស្សាវរីយ៍ប៉ុណ្ណោះ។
លោក Liu Suoquin ដែលជាស្វាមីរបស់អ្នកស្រី Li បានប្រាប់ថា តាំងពីពេលរៀបការរួច គាត់មិនដែលឃើញភរិយាខ្លួនដេកនៅពេលយប់នោះទេ ហើយពេលថ្ងៃក៏នៅតែធ្វើការ។ លោក Liu ធ្លាប់បានទិញថ្នាំងងុយដេកឱ្យលេប ប៉ុន្តែក៏មិនបានផល។
យោងតាមទំព័រ Bastille Post អ្នកស្រី Li បានស្វែងរកជំនួយពីវេជ្ជបណ្ឌិតជាច្រើនលើក ដើម្បីដោះស្រាយបញ្ហារបស់ខ្លួន តែវេជ្ជបណ្ឌិតទាំងនោះសុទ្ធតែមិនបានរកឃើញភាពមិនប្រក្រតីទាក់ទងនឹងអាការមិនងងុយដេករបស់គាត់។
ក៏ប៉ុន្តែ បន្ទាប់ពីបានទៅកាន់មជ្ឈមណ្ឌលសុខាភិបាលមួយនៅរដ្ឋធានីប៉េកាំង កាលពីពេលថ្មីៗនេះ អាថ៌កំបាំងស្ដីពីកង្វះដំណេករាប់សិបឆ្នាំរបស់អ្នកស្រី Li ក៏ទទួលបានចម្លើយ។
ក្រោយការតាមដាន 48/48 ម៉ោង ក្រុមវេជ្ជបណ្ឌិតខាងលើបានរកឃើញថា តាមពិត អ្នកស្រី Li នៅតែបានទទួលទានដំណេក ប៉ុន្តែដំណេករបស់គាត់មិនដូចមនុស្សទូទៅ។ ពួកគេរកឃើញថា រាងកាយរបស់អ្នកជំងឺនេះមានចំណុចពិសេសមួយចំនួន អនុញ្ញាតឱ្យស្ថិតក្នុងស្ថានភាពសម្រាកទាំងនៅពេលកំពុងជជែកជាមួយអ្នកនៅជុំវិញ ឬកំពុងធ្វើការ។ ការបិទភ្នែកតែប៉ុន្មាននាទីប៉ុណ្ណោះគឺអាចឱ្យរាងកាយយកកម្លាំងមកវិញបាន។
ក្រុមអ្នកជំនាញបានវិភាគលទ្ធផលនៃការស្កេតខួរក្បាលរបស់ Li ហើយក៏រកឃើញថា ការប្រើប្រាស់កម្លាំងរបស់ Li នៅពេលថ្ងៃ គឺតិចជាងអ្នកដទៃឆ្ងាយណាស់។ ពួកគេថា អ្នកស្រី Li តាមពិត បាន «ចាញ់បោក» ខួរក្បាលខ្លួនឯង។ ពេល Li កំពុងសម្រាក ផ្នែកខ្លះនៃរាងកាយរបស់គាត់ក៏ប្ដូរទៅរកស្ថានភាពដេក ដោយមិនចាំបាច់បិទភ្នែក។
ទោះជាយ៉ាងណាក៏ដោយ នៅមានរឿងជាច្រើនទៀតដែលអ្នកវិទ្យាសាស្ត្របច្ចុប្បន្នមិនអាចបកស្រាយបានទាក់ទងនឹងករណីរបស់អ្នកស្រី Li។ ប៉ុន្តែ យ៉ាងហោចណាស់ក៏ពួកគេអាចបញ្ជាក់បានថា រាងកាយរបស់ស្ត្រីរូបនេះគឺមានសភាពធម្មតា៕