ថ្មីៗនេះ Ford បានបញ្ចុះតម្លៃសម្រាប់រថយន្តអគ្គិសនីប្រភេទទ្រុង F-150 Lightning ខណៈដែលក្រុមហ៊ុនចាប់ផ្ដើមការផលិតរថយន្តនេះជាថ្មី និងក្នុងបរិមាណច្រើនជាងមុនបីដង នៅឯមជ្ឈមណ្ឌលរថយន្តអគ្គិសនី Rouge ដែលមុននោះបានផ្អាកដំណើរការ 6 សប្ដាហ៍ ដើម្បីពង្រីករោងចក្រ។
នៅថ្ងៃនេះ រោងចក្រ Ford Rouge Complex នៅ Michigan សហរដ្ឋអាម៉េរិក បានបើកទ្វារឡើងវិញ។ ដូច្នេះ ការផលិតរថយន្តអគ្គិសនី F-150 Lightning ក៏ចាប់ផ្ដើមដំណើរការជាថ្មី ហើយកំពុងស្ថិតក្នុងដំណើរឆ្ពោះទៅរកការផលិតរថយន្តអគ្គិសនី F-150 Lightning ច្រើនជាងមុនបីដង ដោយឡើងដល់ 150,000 គ្រឿង/ឆ្នាំ នៅក្នុងរដូវស្លឹកឈើជ្រុះឆ្នាំនេះ។
ទន្ទឹមនឹងទំហំរោងចក្រ Ford Rouge Complex ត្រូវបានពង្រីក បុគ្គលិក កម្មករថ្មីប្រមាណ 1,200 នាក់នៅទីនេះក៏កំពុងត្រូវបានបណ្ដុះបណ្ដាលការងារ។
យោងតាម Ford ការបញ្ចុះតម្លៃសម្រាប់រថយន្តអគ្គិសនីប្រភេទទ្រុង F-150 Lightning នាពេលថ្មីៗនេះ ក៏បានជួយឱ្យ Ford ទទួលបានការបញ្ជាទិញច្រើនជាងមុន 6 ដងផងដែរ។