YouTube បានលុបវីដេអូចំនួនរាប់ពាន់ដែលនិយាយអំពីតួអង្គ Wolfoo ដោយសារមានការតវ៉ាថា បានរំលោភកម្មសិទ្ធិបញ្ញារបស់ Peppa Pig ប៉ុន្តែខាងក្រុមហ៊ុនវៀតណាមថា មិនបានធ្វើខុសគោលការណ៍។
Sconnect ជាក្រុមហ៊ុនផលិតវីដេអូរបស់វៀតណាម ដែលនៅពីក្រោយតួអង្គភាពយន្តគំនូរជីវចល Wolfoo យល់ថា YouTube បានលុបវីដេអូទាំងនេះដោយខុសច្បាប់ បណ្ដាលឱ្យឆានែលនានារបស់ក្រុមហ៊ុននេះ ត្រូវបាត់បង់វីដេអូជាង 3,000 និងចំនួនអ្នកចូលមើលរាប់ពាន់លានលើក។
ក្នុងរបាយការណ៍ដែលបានផ្ញើលទៅកាន់អាជ្ញាធរវៀតណាមកាលពីចុងខែកក្កដា Sconnect ឱ្យដឹងថា បណ្ដាវីដេអូរបស់ពួកគេត្រូវបានបណ្ដាញសង្គមរបស់ Google លុបចោលដោយលើកហេតុផលថា បានរំលោភលើគោលការណ៍កម្មសិទ្ធិបញ្ញាស្ដីពីរូបភាព និងសំឡេង។ ភាគីដែលបានរាយការណ៍ទៅ YouTube គឺ Entertainment One (EO) ដែលជាក្រុមហ៊ុននៅពីក្រោយតួអង្គគំនូរជីវចលជ្រូក Peppa។
យោងតាម Sconnect ទាំង EO ទាំង YouTube សុទ្ធតែមិនបានលើកឡើងភ័ស្ដុតាងច្បាស់លាស់ដែលបង្ហាញថា បណ្ដាវីដេអូ Wolfoo បានរំលោភលើគោលការណ៍កម្មសិទ្ធិរូបភាព និងសំឡេងនៅក្នុងវីដេអូរបស់ Peppa Pig។ ក្រៅពីនេះ សំឡេង និងរូបភាពទាំងនេះក៏សុទ្ធតែមាននៅក្នុងជីវភាពប្រចាំថ្ងៃ។
ក្រុមហ៊ុនវៀតណាមខាងលើឱ្យដឹងថា បានផ្ញើការតវ៉ានេះទៅកាន់តំណាង YouTube តាំងពីខែមិថុនា ប៉ុន្តែក្រោយរយៈពេលជាងមួយខែ នៅតែមិនទាន់ទទួលបានចម្លើយ។ ចំណែកចំនួនវីដេអូដែលត្រូវបានលុប និងមិនអាចស្ដារឡើងវិញបាន នៅតែបន្តកើនឡើង គ្រាដែលឆានែលជាច្រើនមិនអាចបង្ហោះវីដេអូថ្មី បង្កឱ្យមានការខាតបង់យ៉ាងធ្ងន់ធ្ងរ។
យោងតាមការគណនានៅលើទំព័រ SocialBlade ឆានែល Wolfoo Family របស់ Sconnect បានបត់បង់ចំនួនអ្នកចូលមើលអស់ប្រហែល 2.4 ពាន់លានលើក ក្រោយពីវីដេអូនានារបស់ឆានែលនេះត្រូវបានលុបកាលពីខែឧសភា 2023។
ក្នុងពេលដែលអាជ្ញាធរវៀតណាមកំពុងរកដំណោះស្រាយ ភាគីខាង YouTube និង EO មិនទាន់បញ្ចេញប្រតិកម្មអ្វីនៅឡើយ ទាក់ទងនឹងការតវ៉ារបស់ Sconnect៕