Miaoya ដែលជាកម្មវិធីបង្កើតរូបភាពនៅក្នុង WeChat កំពុងក្លាយជា AI (បញ្ញាសិប្បនិម្មិត) ដែលមានការពេញនិយមខ្លាំងនៅប្រទេសចិន បើទោះអ្នកប្រើប្រាស់ត្រូវបង់ថ្លៃ 9.9 យន់ (1.39 ដុល្លារអាម៉េរិក) ពេលចូលបង្កើតរូបភាពម្ដងៗ។
កម្មវិធីខាងលើនេះត្រូវបានបង្ហាញខ្លួនកាលពីថ្ងៃទី 17 កក្កដា 2023 នៅលើបណ្ដាញសង្គម WeChat របស់ចិន។ នេះគឺជាកម្មវិធីដែលបង្កើតឡើងដោយក្រុមហ៊ុន Weixu Internet Technology នៅប្រទេសចិន។
Miaoya អនុញ្ញាតឱ្យអ្នកប្រើប្រាស់ដំឡើងរូបថតផ្ទៃមុខជាលើកដំបូង ហើយបន្ទាប់មកគឺកម្រងរូបថត 20 សន្លឹកដែលថតថ្មីៗបំផុត។ AI នឹងចាត់ចែងបំប្លែងរូបទាំងនេះឱ្យទៅជារូបភាពស្ដង់ដា រួមនឹងរូបភាពបែបថតក្នុងស្ទូឌីយោ។
«លទ្ធផលពិតជាដូចខ្លាំងទៅនឹងការថតក្នុងហាង» Zhang Yichang រស់នៅក្នុងខេត្ត Zhejiang ប្រទេសចិន និយាយអំពីរូបរបស់នាងដែល AI របស់ Miaoya បានបំប្លែង។
យោងតាម SCMP ដោយសារតែមានអ្នកប្រើប្រាស់ច្រើន កម្មវិធីខាងលើក៏មានបញ្ហាយឺតយ៉ាវជាញឹកញាប់។ អ្នកលេងបណ្ដាញសង្គមខ្លះថា ត្រូវរង់ចាំដល់ 24 ម៉ោង ទើបអាចទទួលបានរូបភាពរបស់ខ្លួន។ តំណាងរបស់ក្រុមហ៊ុនខាងលើក៏ចេញមកទទួលស្គាល់បញ្ហា ហើយថា កំពុងដោះស្រាយ។
ទោះជាយ៉ាងណាក៏ដោយ រូបភាពដែល AI របស់ Miaoya បង្កើតឡើង មិនមែនសុទ្ធតែស្អាតទាំងអស់នោះទេ។ វានៅមានបញ្ហាដែលអ្នកប្រើប្រាស់មិនចង់បានផងដែរ។ ក្នុងនោះមានដូចជា រូបខ្លះមានដៃធំជាងធម្មតា។ល។
AI កំពុងតែធ្វើឱ្យកក្រើកពិភពលោក បន្ទាប់ពី ChatGPT របស់ OpenAI ត្រូវបានដាក់ឱ្យប្រើប្រាស់។ ទន្ទឹមនឹងផលប្រយោជន៍ដ៏ច្រើនដែល AI បាន និងកំពុងផ្ដល់ឱ្យ ពិភពលោកក៏កំពុងប្រឈមនឹងបញ្ហាដែលកើតឡើងដោយសារ AI។ ចាប់ពីមាន AI មនុស្សជាច្រើនបានបាត់បង់ការងារ ពិសេសគឺក្រុមវិចិត្រករ អ្នកនិពន្ធរឿងខ្លីៗ និងអ្នកសរសេរកម្មវិធីកុំព្យូទ័រជាដើម៕