NU-E មានរូបរាងបែបអនាគតកាល លាយនឹងបុរាណកាល ខណៈគ្រឿងម៉ាស៊ីន ថ្មផ្ទុកអគ្គិសនី និងគ្រឿងដទៃជាច្រើនទៀត សុទ្ធតែមានស្រាប់នៅក្នុងទីផ្សារ។
ម៉ូតូអគ្គិសនី NU-E គឺជាម៉ូតូអគ្គិសនីបែបគំរូរបស់ក្រុមហ៊ុនវៀតណាម Nuen Moto នៅទីក្រុងព្រៃនគរ (ហូជីមិញ)។ ម៉ូតូនេះត្រូវបានផលិតឡើងដោយយោងទៅតាមរូបមន្តដែលមានស្រាប់ ដោយក្រុមហ៊ុននេះគ្រាន់តែរចនារូបរាង និងផលិតគ្រោងឆ្អឹង គ្រាដែលគ្រឿងផ្គុំនានាដែល NU-E ប្រើប្រាស់ គឺជារបស់អាចរកទិញបាននៅក្នុងទីផ្សារ។ គ្រឿងផ្គុំដែល NU-E ប្រើប្រាស់ រួមមាន គ្រឿងដែលផលិតដោយក្រុមហ៊ុនស៊ុយអែត អង់គ្លេស ជប៉ុន ចិន។ល។
NU-E មានទម្ងន់ប្រហែល 160 គីឡូក្រាម។ ម៉ូទ័រមានកម្លាំងពី 6 ទៅ 10 គីឡូវ៉ាត់។ ថ្មរបស់វាអាចផ្ទុកថាមពល 72 វ៉ុល 120 អំពែរម៉ោង ស្មើនឹង 8.64 គីឡូវ៉ាត់ម៉ោង។ ម៉ូតូនេះអាចបើកបរក្នុងល្បឿន 150 គីឡូម៉ែត្រ/ម៉ោង និងធ្វើដំណើរបានចម្ងាយ 100 គីឡូម៉ែត្រពេលបរលឿន និង 200 គីឡូម៉ែត្រពេលបើកបរយឺត។
យោងតាមក្រុមហ៊ុន Nuen ម៉ូតូអគ្គិសនី NU-E នេះ គ្រាន់តែជាកំណែសម្រាប់បង្ហាញពីនិន្នាការរបស់ក្រុមហ៊ុនប៉ុណ្ណោះ។ ប៉ុន្តែ Nuen នឹងដាក់លក់ម៉ូតូអគ្គិសនីដំបូងរបស់ខ្លួននៅប៉ុន្មានឆ្នាំខាងមុខ៕