(ឥណ្ឌូណេស៊ី) – ស្ត្រីពីរនាក់នៅរដ្ឋធានីហ្សាការតា ត្រូវសាធារណជនរិះគន់យ៉ាងចាស់ដៃ ហើយត្រូវធ្វើការសូមអភ័យទោស បន្ទាប់ពីបានធ្វើពិធីរៀបការយ៉ាងគគ្រឹកគគ្រេងឱ្យសុនកសំណព្វនៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម។
សុនកពីរក្បាលដែលជាពូជ Alaska Malamute ត្រូវបានម្ចាស់ធ្វើពិធីរៀបការឱ្យនៅមជ្ឈមណ្ឌលពាណិជ្ជកម្មមួយក្នុងរដ្ឋធានីហ្សាការតា កាលពីថ្ងៃទី 17 កក្កដា 2023។ ពួកវាស្លៀកពាក់ឈុតប្រពៃណីរបស់ជនជាតិជ្វា ដែលភាគច្រើនរស់នៅលើកោះជ្វារបស់ឥណ្ឌូណេស៊ី។ ពិធីចម្លែកនេះបានចំណាយប្រាក់អស់ 200 លានរូពៀឥណ្ឌូណេស៊ី ដែលប្រហែលនឹង 13,300 ដុល្លារអាម៉េរិក។
រូបភាពស្ដីពីពិធីរៀបការសុនកនេះត្រូវបានចែករំលែកលើបណ្ដាញសង្គម ហើយក៏ក្លាយជាប្រធានបទជជែកគ្នា និងនាំឱ្យមានការរិះគន់ធ្ងន់ៗ។ ម្ចាស់របស់សុនកខាងលើ កាលពីថ្ងៃទី 19 កក្កដា បានធ្វើសន្និសីទសារព័ត៌មាន ដើម្បីសូមការអភ័យទោស។
Indira Ratnasari ដែលជាម្ចាស់របស់សុនកញី ឈ្មោះ Luna បកស្រាយថា «ពួកយើងមិនមានចេតនាប្រមាថមើលងាយវប្បធម៌ឥណ្ឌូណេស៊ី និងជ្វានោះទេ»។ យោងតាមសារព័ត៌មានក្នុងស្រុក Indira Ratnasari គឺជាបុគ្គលិកការិយាល័យប្រធានាធិបតីឥណ្ឌូណេស៊ី។
ចំណែក Valentine Cahandra ដែលជាម្ចាស់របស់សុនកឈ្មោល Jojo បានអះអាងថា ពិធីរៀបការនេះធ្វើឡើងដើម្បីផ្សព្វផ្សាយវប្បធម៌ជ្វា។ ក៏ប៉ុន្តែ ជនជាតិឥណ្ឌូណេស៊ីជាច្រើនមិនពេញចិត្ត ក្នុងនោះអ្នកខ្លះក៏សរសេរថា ការរៀបការឱ្យសុនកគឺជារឿងខ្ជះខ្ជាយ៕