ក្រុមវិស្វកររបស់ប្រទេសស្វ៊ីស កំពុងរៀបគម្រោងសាងសង់ស្ថានីយផលិតអគ្គិសនីពីកម្ដៅព្រះអាទិត្យដែលអាចផ្គត់ផ្គង់អគ្គិសនីជាបន្តបន្ទាប់ទៅឱ្យមូលដ្ឋាននៅលើឋានព្រះចន្ទ ក្នុងទម្រង់រលកមីក្រូវ៉េវ។
ក្រុមវិស្វករនៅក្នុងក្រុមហ៊ុនហ៊ុនស្វ៊ីស Astrostrom បានបង្ហាញសេចក្ដីលំអិតអំពីស្ថានីយអគ្គិសនីព្រះចន្ទ – ផែនដីខ្នាតធំ (GE⊕-LPS)។ ស្ថានីយនេះរួមមានផ្ទាំងសូឡារាងអក្សរ V ជាច្រើនផ្ទាំង ត្រូវបានរៀបជារាងគូទខ្យងនៅក្នុងផ្ទៃក្រឡាមួយគីឡូម៉ែត្រការ៉េ ដែលអាចបាញ់បញ្ជូនថាមពលឡើងដល់ 23 ម៉េហ្គាវ៉ាត់ (MW) ទៅកាន់មូលដ្ឋានរបស់មនុស្សនៅលើផ្ទៃរបស់ឋានព្រះចន្ទ។
យោងតាមការស្រាវជ្រាវរបស់ក្រុមវិស្វករខាងលើ ទាំងស្ថានីយ GE⊕-LPS ទាំងផ្ទាំងសូឡា អាចត្រូវបានផលិតឡើងដោយប្រើប្រាស់វត្ថុធាតុដែលមាននៅលើឋានព្រះចន្ទ។
ស្ថានីយផលិតអគ្គិសនីនឹងត្រូវបានបង្កើតឡើងសម្រាប់អ្នកស្នាក់នៅយូរអង្វែង ហើយស្ថិតនៅក្នុងតំបន់ Lagrange ត្រង់ចន្លោះផែនដី និងព្រះចន្ទ ក្នុងរយៈកម្ពស់ 61,350 គីឡូម៉ែត្រពីផ្ទៃព្រះចន្ទ។
«នៅពេលគម្រោងដូច GE⊕-LPS បានបញ្ជាក់អំពីប្រសិទ្ធភាពនៃដំណើរការផលិត និងដំឡើងផ្កាយរណបថាមពលព្រះអាទិត្យ យើងនឹងអាចបង្កើនវិសាលភាពក្នុងការផលិតផ្កាយរណបថាមពលព្រះអាទិត្យពីវត្ថុធាតុដែលមាននៅលើឋានព្រះចន្ទ ដើម្បីផ្គត់ផ្គង់ដល់ភពផែនដី» Sanjay Vijendran ប្រធានគម្រោងស្រាវជ្រាវថាមពលព្រះអាទិត្យក្នុងទីអវកាស SOLARIS របស់អង្គការ ESA ឱ្យដឹងដូច្នេះ៕