(សហរដ្ឋអាម៉េរិក) – បើទោះជាមានភ្លៀងធំនាំឱ្យព្រឹត្តិការណ៍បង្ហាញវត្តមានជាផ្លូវការត្រូវបានពន្យារពេល ប៉ុន្តែអ្នកគាំទ្រនៅតែមកចូលរួមពេញទីលានដើម្បីទស្សនាទិដ្ឋភាព Lionel Messi បង្ហាញខ្លួននៅក្លឹបបាល់ទាត់ Inter Miami។
ក្លឹប Inter Miami ប្រារព្ធព្រឹត្តិការណ៍បង្ហាញវត្តមាន Messi កាលពីវេលាម៉ោង 18 ថ្ងៃទី 16 កក្កដា (ម៉ោងនៅភាគខាងត្បូងរបស់សហរដ្ឋអាម៉េរិក) នៅក្នុងកីឡដ្ឋាន DRV PNK។ មុនពេលព្រឹត្តិការណ៍ត្រូវបានធ្វើឡើង ភ្លៀងមួយមេធំបានបង្អុរចុះ បណ្ដាលឱ្យមានការកកស្ទះចរាចរណ៍។
ខ្លោងទ្វារទទួលសំបុត្រក៏ត្រូវបានបិទដើម្បីចៀសវាងបញ្ហា។ ដូច្នេះ ទស្សនិកជនស្ទើរតែទាំងអស់បានជាប់នៅខាងក្រៅកីឡាដ្ឋាន។ ក៏ប៉ុន្តែ ទោះជាភ្លៀងខ្លាំងយ៉ាងណាក៏មិនអាចកាត់បន្ថយភាពសប្បាយរីករាយរបស់អ្នកគាំទ្រ។ យោងតាម Daily Mail ជនជាតិអាហ្សង់ទីនប្រហែល 100,000 នាក់កំពុងរស់នៅក្នុងតំបន់ Miami។
ម៉ោងប្រហែលជិត 19 Messi នាំភរិយា Antonella និងកូនៗមកកាន់កីឡដ្ឋាន។ M10 កាន់ដៃកូនប្រុសច្បងអាយុ 10 ឆ្នាំ នៅក្នុងការការពាររបស់បុគ្គលិកសន្តិសុខ។ Mateo អាយុ 7 និង Ciro អាយុ 5 ឆ្នាំ ដើរពីក្រោយជាមួយម្ដាយ។
នៅក្នុងកីឡដ្ឋាន DRV PNK ដែលមាន 18,000 កៅអី ពុំនៅសល់កន្លែងឈរនោះទេ។ គណៈកម្មការរៀបចំត្រូវដំឡើងកន្លែងទស្សនាបន្ថែមដើម្បីឆ្លើយតបនឹងតម្រូវការរបស់អ្នកគាំទ្រ។
Messi បង្ហាញខ្លួននៅក្នុងសំឡេងហ៊ោរបស់អ្នកគាំទ្រ។ គាត់លើកដៃរាគោរពអ្នកគាំទ្រ និងឈានជើងដើរទៅកាន់កន្លែងដែលក្រុមម្ចាស់ក្លឹបកំពុងឈររង់ចាំ។ ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន ងាកមើលទៅកាន់ទស្សនិកជនជាញឹកញាប់ ហាក់ពេញចិត្តនឹងការគាំទ្រដ៏អស្ចារ្យនេះជាខ្លាំង។
Messi ចុះកិច្ចព្រមព្រៀងពីរឆ្នាំកន្លះជាមួយនឹងក្លឹបអាម៉េរិក Inter Miami។ កំពូលតារាបាល់ទាត់វ័យ 36 ឆ្នាំរូបនេះ អាចនឹងបានទាត់លើទីលានម្ចាស់ផ្ទះក្នុងការប្រកួតដំបូងរបស់ខ្លួន យ៉ាងឆាប់ត្រឹមថ្ងៃទី 21 កក្កដាខាងមុខ ដោយត្រូវប៉ះក្រុម Cruz Azul ក្នុងក្របខណ្ឌ Leagues Cup។ តាមគម្រោង នៅថ្ងៃទី 17 កក្កដា 2023 នេះ ក្លឹប Inter Miami នឹងធ្វើសន្និសីទសារព័ត៌មានមួយសម្រាប់ Messi៕