(សហរដ្ឋអាម៉េរិក) – Lionel Messi ចាប់ផ្ដើមផ្ស៊ាំនឹងជីវភាពថ្មីនៅ Miami នៅពេលជូនភរិយា Antonella Roccuzzo និងកូនៗដើរផ្សារ។
Messi បានទៅដល់សហរដ្ឋអាម៉េរិកកាលពីថ្ងៃទី 11 កក្កដា 2023 ដើម្បីត្រៀមខ្លួនសម្រាប់ការពិនិត្យសុខភាព និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាផ្លូវការជាមួយនឹងក្លឹបបាល់ទាត់ Inter Miami។ M10 ហាក់ស៊ាំនឹងជីវភាពថ្មីបានលឿនជាង បើធៀបនឹងពេលទាត់ឱ្យក្លឹប PSG និងការរស់នៅក្នុងទឹកដីបារាំង។
កាលពីថ្ងៃទី 14 កន្លងទៅ Messi បានបង្ហាញខ្លួនពេលកំពុងដើរទិញទំនិញក្នុងផ្សារទំនើប Publix។ កំពូលតារាបាល់ទាត់អាហ្សង់ទីនរូបនេះ បានដើរផ្សារជាមួយនឹងភរិយា Antonella និងកូនប្រុសទាំងបីនាក់រួមមាន Thiago, Mateo និង Ciro។
គ្រួសាររបស់ Messi បានបង្ហាញភាពសប្បាយរីករាយនៅពេលដើរឆ្លងកាត់ហាងមួយចំនួនក្នុងផ្សារទំនើប Publix។ ពួកគេក៏បានថតរូបជាមួយនឹងអ្នកគាំទ្រមួយចំនួនដែលបានស្គាល់ផងដែរ។
ក្រោយពីចប់កិច្ចសន្យាជាមួយ PSG លោក Messi ក៏សម្រេចចិត្តមកទាត់ឱ្យ Inter Miami ដោយមានកិច្ចព្រមព្រៀងរយៈពេលពីរឆ្នាំ អមនឹងជម្រើសពន្យារកិច្ចសន្យាថែមពីរឆ្នាំ ដែលនេះមានន័យថា M10 មានសិទ្ធិចាកចេញពីក្លឹបនេះនៅរដូវក្ដៅឆ្នាំ 2024 ឬ 2025 បើសិនគាត់ចង់។
កំពូលតារាបាល់ទាត់អាហ្សង់ទីនរូបនេះនឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងមហាព្រឹត្តិការណ៍មួយដែលមានឈ្មោះថា «The Unveil» នៅឯកីឡដ្ឋានរបស់ Inter Miami នាថ្ងៃទី 16 កក្កដាខាងមុខ៕