xAI គឺជាក្រុមហ៊ុនថ្មីមួយដែលត្រូវបានមហាសេដ្ឋីអាម៉េរិកដើមកំណើតអាហ្វ្រិកខាងត្បូង លោក Elon Musk បង្កើតឡើងក្នុងបំណងផ្ដោតទៅលើការស្វែងយល់ឱ្យបានច្បាស់អំពីចក្រវាល និងអភិវឌ្ឍដំណោះស្រាយសម្រាប់ជំនួស ChatGPT។
យោងតាមប្រកាសនៅលើគេហទំព័រ xAI កាលពីថ្ងៃទី 12 កក្កដា ក្រុមហ៊ុនថ្មីដែលដឹកនាំដោយលោក Elon Musk មានប្រធានចំនួន 12 រូប ជាអ្នកជំនាញលំដាប់កំពូលក្នុងវិស័យបញ្ញាសិប្បនិម្មិត (Artificial intelligence AI) ដែលធ្លាប់ធ្វើការឱ្យបណ្ដាក្រុមហ៊ុនធំៗ មានជាអាទិ៍ ក្រុមហ៊ុន Google, Microsoft និង Tesla ជាដើម។
លោក Elon Musk និយាយថា «បើសិនប្រឹងប្រែងស្វែងយល់អំពីលក្ខណសម្បត្តិរបស់ចក្រវាល នេះពិតជាប្រកាសល្អបំផុតដែលខ្ញុំអាចគិតឃើញពីគំនិតស្ដីពីសុវត្ថិភាពសម្រាប់ AI។ ក្រុមហ៊ុននឹងគាំទ្រចំពោះការយល់ឃើញដែលថា មនុស្សជាតិអស្ចារ្យជាងឆ្ងាយ ធៀបនឹងពពួកមិនមែនមនុស្ស»។
តំណាងរបស់ xAI ឱ្យដឹងថា ក្រុមហ៊ុននេះកំពុងញាប់ដៃញាប់ជើងក្នុងការជ្រើសរើសវិស្វករ និងអ្នកស្រាវជ្រាវដែលមានបទពិសោធន៍។
គិតមកដល់បច្ចុប្បន្ន លោក Elon Musk កំពុងជាស្ថាបនិក ជាម្ចាស់ ឬជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla, បណ្ដាញសង្គម Twitter, ទីភ្នាក់ងារអវកាស SpaceX, ក្រុមហ៊ុនសាងសង់ផ្លូវក្រោមដី និងហេដ្ឋារចនាសម្ព័ន្ធ រួមនឹងក្រុមហ៊ុនបច្ចេកវិទ្យាប្រព័ន្ធប្រសាទ Neuralink៕