(នូវែលសេឡង់) – ក្រោយពីចាញ់នៅក្នុងការប្រកួតមិត្តភាពជាមួយក្រុមនូវែលសេឡង់ក្នុងលទ្ធផល 0-2 ប្រធានក្រុមបាល់ទាត់នារីជម្រើសជាតិវៀតណាមយល់ថា ព្រោះតែរងផលវិបាកដោយសារអាកាសធាតុ។
លើទីលាន McLean Park នៅទីក្រុង Napier ក្រុមកីឡាការិនីនូវែលសេឡង់បានដាក់សម្ពាធលើក្រុមវៀតណាមតាំងពីដើមទី ធ្វើឱ្យវៀតណាមត្រូវចាញ់ក្នុងលទ្ធផល 0-2។
«សីតុណ្ហភាពនៅទីនេះខុសគ្នាឆ្ងាយធៀបនឹងនៅវៀតណាម ធ្វើឱ្យប៉ះពាល់ដល់ពួកយើង» ប្រធានក្រុមកីឡាការិនីវៀតណាម Huynh Nhu និយាយដូច្នេះ និងបន្តថា «ការប្រកួតនេះគឺជាឱកាសដើម្បីឱ្យពួកយើងអាចសម្របខ្លួនជាមួយនឹងអាកាសធាតុនៅនូវែលសេឡង់»។
នៅវៀតណាម ក្រុមកីឡាការិនីត្រូវហ្វឹកហាត់ក្រោមកម្ដៅថ្ងៃពី 27 ទៅ 36 អង្សាសេ។ ចំណែកនៅនូវែលសេឡង់ អាកាសធាតុត្រជាក់ជាង ពោលគឺមានសីតុណ្ហភាពពី 7 ទៅ 14 អង្សាសេ។
នៅក្នុងការប្រកួត ក្រុមនារីនូវែលសេឡង់គ្រប់គ្រងបាល់បាន 60% និងស៊ុតផ្ដាច់ចំនួន 27 លើក។ នៅនាទីទី 17 ក្រុមនូវែលសេឡង់រកបានមួយគ្រាប់ បន្ទាប់ពីការទាត់ផ្ដាច់របស់ CJ Bott។ នាទីទី 44 Jaqquie Hand រកបានមួយគ្រាប់ជូននូវែលសេឡង់ ដោយងាយស្រួល ហើយក៏ឈ្នះ 2-0។
អ្នកចាំទីរបស់វៀតណាមឱ្យដឹងថា ក្រុមរបស់ខ្លួនអាចលេងបានល្អជាងនេះ។ ពួកគេចង់រក្សាកម្លាំងនៅពេល World Cup 2023 កាន់តែខិតមកដល់។