យោងតាមអ្នកចាំទី Emiliano Martinez កំពូលតារាបាល់ទាត់ Lionel Messi នឹងជួយឱ្យអាហ្សង់ទីនដណ្ដើមបានតំណែងជើងឯកពានរង្វាន់ Copa America 2024 ហើយអាចបានទាំង World Cup 2026 ទៀតផង។
Messi ត្រូវបានគេជឿថា នឹងទទួលបានគ្រាប់បាល់មាសទី 8 នៅក្នុងអាជីព ពេលដែលពានរង្វាន់នេះនឹងត្រូវបានប្រគល់នៅថ្ងៃទី 30 តុលា 2023។ ថ្វីជើងល្អបំផុតរបស់ Messi នៅក្នុងរដូវកាលមុនគឺ ការដណ្ដើមបានពានរង្វាន់ជើងឯកបាល់ទាត់ពិភពលោក 2022 ជាមួយនឹងអាហ្សង់ទីន ជាទីដែល Martinez ក៏ទទួលបានពានស្រោមដៃមាស។ Messi ធ្លាប់បាននិយាយថា ការប្រកួតធំជាងគេនៅកាតានឹងជា World Cup ចុងក្រោយក្នុងអាជីពរបស់គាត់។ ប៉ុន្តែ ប្រជាជនអាហ្សង់ទីននៅតែសង្ឃឹមថា M10 នឹងចូលរួមទាត់នៅ World Cup 2026 ក្នុងវ័យ 39 ឆ្នាំ។
«Messi គឺជាកីឡាករបាល់ទាត់ឆ្នើមបំផុតនៅគ្រប់សម័យកាល។ គាត់មានជំនាញពិសេសដែលកីឡាករដទៃទៀតពុំមាន។ នឹងមិនមានកីឡាករណាដូច Messi ក្នុងអនាគត។ ពួកយើងនឹងដណ្ដើមបានពានរង្វាន់ជើងឯកនៅ Copa America នៅឆ្នាំក្រោយ ហើយក៏សង្ឃឹមថានឹងបានទាំង World Cup 2026» Martinez និយាយដូច្នេះ។
យោងតាម Whoscored សមិទ្ធផលជាបុគ្គលរបស់ Messi តែងតែលេចធ្លោ។ គាត់បានលេងចំនួន 332 ប្រកួតនៅពានរង្វាន់ចំនួនប្រាំនៅអឺរ៉ុប ក្នុងអំឡុង 10 ឆ្នាំកន្លង ក្នុងនោះ M10 ទទួលបានពានរង្វាន់កីឡាករឆ្នើមបំផុតប្រចាំការប្រកួតចំនួន 169 លើក។ អ្នកឈរលំដាប់ទីពីរគឺ Cristiano Ronaldo ដោយទទួលបាន 80 លើក។
ក្នុងអាជីព Messi ចូលរួមលេងបាន 1,028 ប្រកួត រកបាន 807 គ្រាប់ និងបង្កើតឱកាសបាន 357 គ្រាប់។ ជាមធ្យមក្នុងមួយប្រកួត Messi រកបាន ឬបង្កើតឱកាសបាន 1.13 គ្រាប់។ M10 នៅមានកំណត់ត្រាមួយចំនួនកំពុងរង់ចាំគាត់បំបែក ក្នុងនោះមានដូចជា ចំនួនគ្រាប់បាល់ឈ្នះសរុប និងគ្រាប់បាល់ដែលរកបានជូនជាតិ។ Ronaldo កំពុងកាន់កាប់កំណត់ត្រាទាំងពីរនេះ ដោយរកបាន 838 គ្រាប់ក្នុងអាជីព និង 123 គ្រាប់សម្រាប់ព័រទុយហ្កាល់។
បច្ចុប្បន្ន Messi កំពុងជាសមាជិករបស់ក្លឹបបាល់ទាត់អាម៉េរិក Inter Miami បន្ទាប់ពីសម្រេចចិត្តមកទាត់ក្នុងទម្រង់សេរី។ Messi នឹងមានការប្រកួតដំបូងឱ្យក្លឹបនេះនៅពាក់កណ្ដាលខែកក្កដា 2023៕