Foxconn ត្រៀមវិនិយោគប្រហែល 250 លានដុល្លារអាម៉េរិក ទៅលើគម្រោងពីរនៅប្រទេសវៀតណាម ក្នុងនោះក៏មានការផលិតគ្រឿងបន្លាស់សម្រាប់រថយន្តអគ្គិសនីផងដែរ។
ឥរិយាបថខាងលើនេះបញ្ជាក់អំពីផែនការធ្វើសកលភាវូបនីយកម្មរបស់ Foxconn ដើម្បីក្លាយជា «អ្នកលេង» នៅក្នុងវិស័យឧស្សាហកម្មរថយន្តអគ្គិសនី ក្រោយពីបានចំណាយពេលច្រើនឆ្នាំក្នុងការផ្ដោតលើការដំឡើងផលិតផលឱ្យ Apple និងបណ្ដាក្រុមហ៊ុនធំៗដទៃទៀត។
ក្រុមហ៊ុនខ្នាតយក្សរបស់តៃវ៉ាន់ តាមរយៈ Foxconn Singapore នឹងវិនិយោគប្រហែល 250 លានដុល្លារអាម៉េរិក ទៅលើតំបន់ឧស្សាហកម្មមួយនៅភាគខាងជើងប្រទេសវៀតណាម ដែលនឹង «ផ្ដោតលើការផលិតគ្រឿងបន្លាស់សម្រាប់យានយន្តអគ្គិសនី ប្រព័ន្ធបញ្ជា និងបណ្ដាផលិតផលបច្ចេកវិទ្យាដទៃទៀត ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារអនាគត»។ នេះបើតាមទំព័រ Reuters។
គម្រោងខាងលើនេះនឹងជួយបង្កើនខ្ទង់វិនិយោគសរុបរបស់ Foxconn នៅអាស៊ីអាគ្នេយ៍ ឡើងដល់ 3 ពាន់លានដុល្លារអាម៉េរិក៕