(សេស្ប៉ាញ) – Joan Laporta ដែលជាប្រធានក្លឹប Barca បាននិយាយថា ក្លឹបនេះនៅជំពាក់ប្រាក់បៀវត្សរ៍របស់កីឡាករខ្សែប្រយុទ្ធ Lionel Messi និងត្រូវបន្តសងរហូតដល់ឆ្នាំ 2025។
កាលពីខែវិច្ឆិកា 2017 Messi បានចុះកិច្ចព្រមព្រៀងតម្លៃ 675 លានដុល្លារអាម៉េរិកជាមួយក្លឹប Barca ដែលមានសុពលភាពដល់ខែមិថុនា 2021។ កិច្ចព្រមព្រៀងនេះរួមមាន ប្រាក់បៀវត្សរ៍ ប្រាក់ឧបត្ថម្ភក្រៅផ្លូវការ (Kickback) និងប្រាក់សម្រាប់ភាពស្មោះត្រង់ នេះមិនទាន់គិតដល់ប្រាក់រង្វាន់។ ក្នុងនោះ ប្រាក់បៀវត្សរ៍ប្រចាំឆ្នាំរបស់ Messi គឺ 167 លានដុល្លារអាម៉េរិក ខ្ពស់ជាងឆ្ងាយធៀបនឹង 86 លានដុល្លារដែល Football Leaks ធ្លាប់បានបង្ហើបឱ្យដឹង។ តារាបាល់ទាត់អាហ្សង់ទីន ក្រោយមកក៏បានយល់ព្រមកាត់បន្ថយប្រាក់ខែដើម្បីជួយដល់ក្លឹប ព្រោះតែផលវិបាកដែលកើតឡើងដោយសារកូវីដ។
មកដល់រដូវក្ដៅឆ្នាំ 2021 Messi បានចាកចោលកីឡដ្ឋាន Camp Nou ទៅតាមទម្រង់សេរី ព្រោះតែបញ្ហាហិរញ្ញវត្ថុរបស់ក្លឹប Barca ចេះតែអាក្រក់ទៅៗ។ M10 បានលេងឱ្យក្លឹប PSG ពីរឆ្នាំ មុនពេលទៅទាត់ឱ្យក្លឹបអាម៉េរិក Inter Miami។
បើទោះជាមិនលេងឱ្យក្លឹប Barca ក្នុងរយៈពេលជាងពីរឆ្នាំកន្លង ប៉ុន្តែ Messi នៅតែទទួលបានប្រាក់ខែពីក្លឹបនេះ។ «យើងនៅសល់ខ្ទង់ប្រាក់ដែលមិនទាន់ទូទាត់ជូន Messi ដែលត្រូវសងរហូតដល់ឆ្នាំ 2025» លោក Laporta ប្រាប់ទំព័រ La Vanguardia ដូច្នេះ។ លោកបន្តថា «អ្វីដែលនៅជំពាក់ គឺការពន្យារពេលទូទាត់ប្រាក់បៀវត្សរ៍ដែលបានព្រមព្រៀងគ្នាជាមួយនឹងក្រុមប្រឹក្សាភិបាលមុននោះ ហើយប្រការនេះបានបង្កើតឱ្យមានខ្ទង់បំណុលមិនទាន់ទូទាត់ដែលនឹងបញ្ចប់នៅឆ្នាំ 2025»៕