(ប្រទេសថៃ) – បន្ទាប់ពីបានផ្ដួលកូរ៉េខាងត្បូងក្នុងលទ្ធផល 3-0 នៅវគ្គផ្ដាច់ព្រ័ត្រ ក្រុមជម្រើសជាតិជប៉ុនបង្កើតបានកំណត់ត្រាថ្មី ដោយការដណ្ដើមបានតំណែងជើងឯកពានរង្វាន់បាល់ទាត់ U17 ទ្វីបអាស៊ីលើកទីបួន។
ថ្វីបើត្រូវបានវាយតម្លៃថា មានសមត្ថភាពទាបជាង ប៉ុន្តែកូរ៉េខាងត្បូងលេងដោយភាពម្ចាស់ការ និងគ្រប់គ្រងបាល់បានល្អ បន្ទាប់ពីសំឡេងកញ្ចែចាប់ផ្ដើមការប្រកួត។
រហូតដល់ចុងតង់ទីមួយ ទើបជប៉ុនដណ្ដើមបានប្រៀបក្នុងការប្រកួត។ របត់សំខាន់បានកើតឡើងនៅនាទីទី 43 នៅពេល Ko Jong Huyn ទទួលបានកាតលឿងទីពីរ បន្ទាប់ពីបានបង្កកំហុសលើកីឡាករជប៉ុន។ ដោយសារចំនួនកីឡាករមិនស្មើគ្នា ក្រុមជប៉ុនក៏មានប្រៀបជាងឆ្ងាយនៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះ។
ការទាត់បាល់ពិន័យរកបានមួយគ្រាប់របស់ Nawata ក្រោយពីកីឡាករក្រុមកូរ៉េខាងត្បូងទទួលបានកាតក្រហម គឺជារបត់ដែលហាក់បាន «កម្ទេច» អស់ក្ដីសង្ឃឹមរបស់ក្រុមកូរ៉េខាងត្បូង។ ចូលដល់តង់ទីពីរ ជប៉ុនក៏បានគ្រប់គ្រងការប្រកួតទាំងស្រុង និងវាយសម្រុកលើទីរបស់គូប្រកួតជាបន្តបន្ទាប់។
នាទីទី 67 Nawata ទទួលបានបាល់ពីមិត្តរួមក្រុម និងបានយកឈ្នះលើអ្នកចាំទីកូរ៉េខាងត្បូង ជួយឱ្យជប៉ុននាំមុខ 2-0។ ក្នុងនាទីថែមម៉ោង Michiwaki រកបានមួយគ្រាប់ ជួយឱ្យជប៉ុនឈ្នះ 3-0។
ជ័យជម្នះនេះជួយឱ្យជប៉ុនបង្កើតបានកំណត់ត្រាដណ្ដើមបានតំណែងជើងឯកលើកទីបួននៅ U17 ទ្វីបអាស៊ី ក្រោយពីពានរង្វាន់នេះត្រូវបានប្រារព្ធឡើង 19 លើក រាប់ចាប់ពីឆ្នាំ 1985។ U17 ជប៉ុន ដណ្ដើមបានតំណែងនេះក្នុងឆ្នាំ 1994, 2006, 2018 និង 2023។ U17 ទ្វីបអាស៊ីឆ្នាំ 2023 ត្រូវបានធ្វើឡើងនៅប្រទេសថៃ។