ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន Aion ដែលជាយីហោមួយរបស់ GAC (Guangzhou Automobile Corporation) បានចូលមកកាន់ទីផ្សារប្រទេសថៃ និងក្លាយជាអ្នកផលិតរថយន្តអគ្គិសនីថ្មីបំផុតរបស់ចិនដែលធ្វើដូច្នេះ។
កាលពីថ្ងៃទី 28 មិថុនា GAC Aion បានចុះអនុស្សរណៈនៃការយោគយល់ស្ដីពីកិច្ចសហការជាមួយតំណាងចែកចាយនៅប្រទេសថៃ ដើម្បីនាំរថយន្តអគ្គិសនីចូលមកទីផ្សារនេះជាផ្លូវការ បើកផ្លូវឱ្យ Aion ចាប់ផ្ដើមធ្វើអន្តរជាតូបនីយកម្មយីហោរបស់ខ្លួន។ ក្រុមហ៊ុននេះនឹងបើកទីស្នាក់ការកណ្ដាលនៅអាស៊ីអាគ្នេយ៍លើទឹកដីថៃក្នុងឆ្នាំនេះ។
GAC Aion ឱ្យដឹងថា ការផលិតបណ្ដាម៉ូដែលរថយន្តអគ្គិសនីដែលផ្គត់ផ្គង់សម្រាប់ទីផ្សារថៃ កំពុងតែស្ថិតក្នុងដំណាក់កាលមមាញឹក។ ក្នុងអនាគត ក្រុមហ៊ុននេះក៏នឹងពង្រីកវត្តមានរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។
អំពីការលក់រថយន្តអគ្គិសនី នៅប្រទេសចិន GAC Aion ឈរលំដាប់ទីពីរបន្ទាប់ពី BYD។ នេះបើតាមបញ្ជីចំណាត់ថ្នាក់របស់សមាគមរថយន្តដឹកអ្នកដំណើរចិន (CPCA)។