អ្នករចនានាវាទេសចរណ៍ជនជាតិអ៊ីតាលី Marco Ferrari បានបង្ហើបឱ្យដឹងអំពី concept កំពូលនាវាទេសចរណ៍ដែលដំណើរការដោយអ៊ីដ្រូសែន ឈ្មោះ Project Neptune ដែលអាចជួយដោះស្រាយបញ្ហាបំភាយឧស្ម័នពុល។
ដោយមានបណ្ដោយប្រវែង 137.3 ម៉ែត្រ និងទម្ងន់ប្រហែល 5,000 តោន Project Neptune គឺជានាវាទេសចរណ៍ខ្នាតធំ។ នេះបើតាម Interesting Engineering ចុះផ្សាយកាលពីថ្ងៃទី 26 មិថុនា 2023។
ផ្នែកខាងក្រៅរបស់នាវានេះធ្វើពីអាលុយមីញ៉ូម។ នាវានេះក៏មានអាងហែលទឹលមួយនៅផ្នែកកន្ទុយ និងនៅជាន់លើផងដែរ។ ជាងនេះ វាក៏មានកន្លែងចុះចតចំនួនពីរសម្រាប់ឧទ្ធម្ភាគចក្រទៀតផង។
Project Neptune មានបន្ទប់ចំនួនបួនដែលមានយ៉រៀងៗខ្លួននៅជាន់ទាបៗ និងបន្ទប់ប្រភេទប្រណិតចំនួន 6 ដែលអាចដាក់មនុស្សសរុប 22 នាក់។ ក្រុមនាវិកលើនាវានេះនឹងមាន 50 នាក់ ក្នុងនោះមានទាំងវេជ្ជបណ្ឌិត និងជំនួយការពេទ្យម្នាក់ផងដែរ។ ក្រៅពីនេះ នាវា Project Neptune ក៏មានមធ្យោបាយធ្វើដំណើរអម មានដូចជា ម៉ូតូទឹក ទូកកាយ៉ាក និងឧបករណ៍មុជទឹក។ល។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះគឺថា នាវាទេសចរណ៍ Project Neptune នឹងដំណើរការដោយថាមពលអ៊ីដ្រូសែន មិនបំភាយឧស្ម័នពុល៕