(ហ្វាំងឡង់) – កប៉ាល់ The Icon of the Seas ដែលមានបណ្ដោយ 365 ម៉ែត្រ និងអាចដាក់ទេសចរបានជាង 7,000 នាក់ កំពុងស្ថិតក្នុងដំណាក់កាលបង្ហើយកិច្ចការចុងក្រោយបង្អស់ មុនពេលចេញដំណើរជើងដំបូងនៅខែមករា 2024។
ដោយមានបណ្ដោយពីក្បាលដល់កន្ទុយស្មើនឹងប្រវែងរបស់ទីលានបាល់ទាត់ចំនួន 3.5 ទីលានបូកចូលគ្នា The Icon of the Seas នឹងក្លាយជាកប៉ាល់ទេសចរណ៍ធំជាងគេបំផុតលើពិភពលោក។
កប៉ាល់ទេសចរណ៍ខាងលើដែលត្រូវបានបញ្ជាទិញដោយក្រុមហ៊ុន Royal Caribbean ត្រូវបានដាក់ឈ្មោះថា The Icon of the Seas។ កប៉ាល់នេះនឹងប្រើប្រាស់ម៉ាស៊ីនដំណើរការដោយឧស្ម័នធម្មជាតិរាវ (LNG) និងបំពាក់បច្ចេកវិទ្យាថ្មីៗ ដែលជួយឱ្យវាក្លាយជាកប៉ាល់ទំនើបបំផុតមួយនៅលើពិភពលោក។ នេះបើតាម Tim Meyer នាយកប្រតិបត្តិរបស់ក្រុមហ៊ុនសាងសង់កប៉ាល់ Meyer Turku។
The Icon of the Seas អាចដាក់អ្នកដំណើរបាន 7,600 នាក់ ច្រើនជាងឆ្ងាយបើធៀបនឹងជាង 1,500 នាក់របស់កប៉ាល់ទេសចរណ៍ខ្នាតយក្ស Titanic ដែលបានលិចកាលពីឆ្នាំ 1912 (111 ឆ្នាំមុន)។
ការធ្វើដំណើរជើងដំបូងរបស់កប៉ាល់ The Icon of the Seas នឹងមានរយៈពេល 7 យប់ ដោយចាប់ផ្ដើមចេញពី Miami របស់សហរដ្ឋអាម៉េរិក នៅក្នុងខែមករា 2024៕