លោក Jack Ma ដកស្រង់បទពិសោធន៍បរាជ័យរបស់ Nokia, Kodak ដើម្បីព្រមានដល់ Alibaba ថា ត្រូវតែផ្ដោតសំខាន់ទៅលើ Taobao និងត្រូវបន្តធ្វើជាក្រុមហ៊ុនអ៊ីនធើណិត។
ប្រភពព័ត៌មានពី SCMP ឱ្យដឹងថា កាលពីចុងខែឧសភា ស្ថាបនិករបស់ក្រុមហ៊ុន Alibaba លោក Jack Ma បានកោះប្រជុំពិភាក្សាជាមួយក្រុមអ្នកគ្រប់គ្រង រម្លឹកពួកគេឱ្យផ្ដោតការយកចិត្តទុកដាក់ឡើងវិញទៅលើផ្សារអនឡាញ Taobao និងអ្នកប្រើប្រាស់ ដើម្បីអាចរស់បាននៅក្នុងស្ថានភាពវិបត្តិសេដ្ឋកិច្ច និងការប្រកួតប្រជែងដ៏ខ្លាំងក្លា។
កិច្ចប្រជុំខាងលើត្រូវបានធ្វើឡើងតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះមុនពេលសាជីវកម្មនេះប្រកាសថា មេដឹកនាំ Taobao លោក Eddie Wu Yongming នឹងចូលមកកាន់តំណែង CEO របស់ Alibaba ចាប់ពីថ្ងៃទី 10 កញ្ញា។ ចំណែក CEO បច្ចុប្បន្នគឺលោក Daniel Zhang Yong នឹងត្រូវលាលែងដើម្បីទៅគ្រប់គ្រង Alibaba Cloud។ លោក Yong ក៏នឹងត្រូវបោះបង់តំណែងប្រធាន ដោយប្រគល់ទៅឱ្យអនុប្រធាន Joe Tsai។
ក្រុមមេដឹកនាំសំខាន់ៗរបស់ Taobao និង Tmall របស់ Alibaba បាននិយាយថា បើទោះលោក Ma បានបោះបង់រាល់តួនាទីនៅក្នុងក្រុមហ៊ុន ប៉ុន្តែ លោកនៅតែជាមេដឹកនាំផ្នែកស្មារតីរបស់សាជីវកម្មដែលលោកបានបង្កើត។ ក្នុងព្រឹត្តិការណ៍មួយកាលពីថ្ងៃទី 15 មិថុនា លោក Michael Evans ដែលជាប្រធានក្រុមហ៊ុន Alibaba បានថ្លែងថា លោក Jack Ma នៅតែជាភាគហ៊ុនិកធំជាងគេរបស់ក្រុមហ៊ុន Alibaba។
លោក Jack Ma ធ្លាប់ជាគ្រូបង្រៀនភាសាអង់គ្លេស មុនពេលបង្កើតក្រុមហ៊ុន Alibaba។ គិតមកដល់ពេលនេះ លោក Ma កំពុងធ្វើជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យយ៉ាងតិចបួនដែលស្ថិតនៅខាងក្រៅចិនដីគោក ក្នុងនោះក៏មានសាកលវិទ្យាល័យហុងកុង សាកលវិទ្យាល័យនៅអាហ្វ្រិក និងសាកលវិទ្យាល័យនៅប្រទេសអ៊ីស្រាអែលផងដែរ៕