(អៀឡង់) – ខ្សែប្រយុទ្ធ Cristiano Ronaldo ឱ្យដឹងថា លោកឆ្លងកាត់ថ្ងៃប្រកួតពិសេស នៅពេលបានទាត់ចូលទីមួយគ្រប់ ជួយឱ្យព័រទុយហ្កាល់ឈ្នះអៀឡង់នៅក្នុងវគ្គជម្រុះរបស់ Euro 2023 ដែលនេះក៏ជាការប្រកួតលើកទី 200 របស់ CR7 សម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិ។
មុនពេលបាល់ចាប់ផ្ដើមរមៀល Ronaldo ត្រូវបានស្ថាប័ន Guinness ប្រគល់វិញ្ញាបនបត្របញ្ជាក់ថាជាកីឡាករដែលទាត់ឱ្យក្រុមជម្រើសជាតិបានច្រើនប្រកួតជាងគេក្នុងប្រវត្តិសាស្ត្រ។ CR7 បានបំបែកកំណត់ត្រាចាស់ 196 ប្រកួតរបស់ Bader Al-Mutawa មកពីប្រទេសកូវ៉ែត។ ទស្សនិកជននៅឯកីឡដ្ឋាន Laugardalsvollur របស់អៀឡង់ ក៏នាំគ្នាក្រោកឈរទះដៃអបអរសាទរជូនចំពោះកីឡាករវ័យ 38 ឆ្នាំរូបនេះផងដែរ។
ក្នុងថ្ងៃនោះដែរ ការសប្បាយរីករាយរបស់ Ronaldo ក៏ត្រូវបានបំពេញបន្ថែម នៅពេលគាត់គឺជាកីឡាករតែម្នាក់គត់ដែលបានទាត់ចូលទីមួយគ្រាប់នៅនាទីទី 89 ជួយឱ្យព័រទុយហ្កាល់ឈ្នះអៀឡង់ 1-0 នៅក្នុងវគ្គជម្រុះរបស់ Euro 2024 ដែលជាការប្រកួតលើកទី 200 របស់ CR7 សម្រាប់ក្រុមជម្រើសជាតិព័រទុយហ្កាល់។
នៅក្នុងការជួបជុំបន្ទាប់របស់ក្រុមជម្រើសជាតិព័រទុយហ្កាល់ Ronaldo និងមិត្តរួមក្រុមនឹងត្រូវធ្វើជាភ្ញៀវរបស់ស្លូវ៉ាគី នៅថ្ងៃទី 08 កញ្ញា រួចត្រឡប់ទៅកាន់ទីលានម្ចាស់ផ្ទះ Algarve ដើម្បីទទួលក្រុមលុចសំបួនៅបីថ្ងៃក្រោយមក៕