ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីវៀតណាម VinFast បានដាក់ឯកសារទៅកាន់ស្ថាប័នគ្រប់គ្រងមូលបត្រនៅសហរដ្ឋអាម៉េរិក ប្រកាសថា នឹងសម្រេចបានការច្របាច់បញ្ចូលគ្នាជាមួយ Black Spade Acquisition ក្នុងឆ្នាំ 2023។
យោងតាមសារព័ត៌មាន Reuters ការច្របាច់បញ្ចូលគ្នារវាងក្រុមហ៊ុនវៀតណាម VinFast និងក្រុមហ៊ុនអាម៉េរិក Black Spade នេះកំពុងស្ថិតក្នុងដំណាក់កាល Black Spade ស្នើសូមឱ្យអ្នកវិនិយោគពន្យារពេលធ្វើសកម្មភាពពីថ្ងៃទី 20 កក្កដា 2023 ទៅថ្ងៃទី 20 កក្កដា 2024។
VinFast មានតម្លៃមូលធនទីផ្សារប្រហែល 23 ពាន់លានដុល្លារអាម៉េរិក។ តម្លៃនេះគឺយោងទៅតាមការសម្រេចរបស់ក្រុមហ៊ុនអាម៉េរិក Black Spade។
Black Spade Acquisition គឺជាក្រុមហ៊ុន SPAC (បង្កើតឡើងក្នុងគោលដៅពិសេស)។ បណ្ដាក្រុមហ៊ុន SPAC ប្រមូលទុនតាមរយៈការធ្វើ IPO និងប្រើប្រាស់ខ្ទង់វិនិយោគដែលប្រមូលបានទៅទិញភាគហ៊ុនរបស់ក្រុមហ៊ុនគោលដៅដទៃ។ ការធ្វើ IPO លើផ្សារមូលបត្រតាមរយៈការច្របាច់បញ្ចូលជាមួយ SPAC កំពុងក្លាយជានិន្នាការថ្មី ព្រោះតែជួយឱ្យបណ្ដាក្រុមហ៊ុនរំលងចោលដំណើរការតាមទម្លាប់មុនៗរបស់ Wall Street។
VinFast ត្រូវបានដំណើរការតាំងពីឆ្នាំ 2019 ដោយមានរោងចក្រផលិតរថយន្តអគ្គិសនីនៅប្រទេសវៀតណាម និងកំពុងរៀបគម្រោងសាងសង់រោងចក្រទីពីរនៅសហរដ្ឋអាម៉េរិក។ ថ្មីៗនេះ លោក Pham Nhat Vuong ដែលជាប្រធានក្រុមហ៊ុន VinGroup (ក្រុមហ៊ុនមេរបស់ VinFast) និយាយថា VinFast អាចមានប្រាក់ចំណេញចាប់ពីឆ្នាំ 2025៕