(ហូឡង់) – អេស្ប៉ាញឈ្នះក្រូអាត 5-4 នៅក្នុងការទាត់ប៉េណាំងទីម្ដងម្នាក់ ក្រោយពីទទួលបានលទ្ធផល 0-0 ក្នុងរយៈពេល 120 នាទី នៅក្នុងវគ្គផ្ដាច់ព្រ័ត្រកាលពីព្រលប់ថ្ងៃទី 18 មិថុនា ដូច្នេះ អេស្ប៉ាញបានលើកពានជើងឯក Nations League។
ក្នុងការប្រកួត អេស្ប៉ាញគ្រប់គ្រងបាល់បាន 55% និងទាត់ផ្ដាច់បាន 21 លើក ច្រើនជាងឆ្ងាយធៀបនឹង 12 លើករបស់ក្រូអាត។ ក៏ប៉ុន្តែ ដោយសារតែនេះជាវគ្គចុងក្រោយ ក្រុមទាំងពីរសុទ្ធតែធ្វើបានល្អស្ទើរតែដូចគ្នា នាំឱ្យមានលទ្ធផល 0-0 នៅក្នុងការប្រកួតរយៈពេល 120 នាទី។
ចូលដល់វគ្គទាត់ប៉េណាំងទីម្ដងម្នាក់ដើម្បីស្វែងរកអ្នកឈ្នះ អ្នកចាំទី Unai Simon បានក្លាយជាវីរបុរសរបស់ប្រទេសអេស្ប៉ាញ។ Unai Simon រារាំងបាល់ប៉េណាំងទីបានពីរគ្រាប់របស់ Majer នៅគ្រាប់ទី 4 និង Bruno Petkovic នៅគ្រាប់ទី 6។ ចំណែក Nikola Vlasic, Marcelo Brozovic, Modric និង Ivan Perisic ទាត់បានសម្រេចជូនក្រូអាត ខណៈ Joselu, Rodri, Mikel Merino, Marco Asensio និង Dani Carvajal សម្រេចបានភារកិច្ចសម្រាប់អេស្ប៉ាញ។ បន្ទាប់ពីអ្នកចាំទី Simon របស់អេស្ប៉ាញ រារាំងគ្រាប់បាល់របស់ Petkovic បានសម្រេច Carvajal ក៏ទាត់ផ្ដាច់បានជោគជ័យ ជួយឱ្យអេស្ប៉ាញឈ្នះ 5-4។
នេះជាលើកដំបូងហើយដែលក្លឹបបាល់ទាត់របស់ប្រទេសអេស្ប៉ាញ ដណ្ដើមបានពានរង្វាន់ជើងឯក Nations League។
Nations League គឺជាការប្រកួតដណ្ដើមពានរង្វាន់បាល់ទាត់អន្តរជាតិដែលត្រូវបានធ្វើឡើងពីរឆ្នាំម្ដង រវាងបណ្ដាក្រុមជម្រើសជាតិបុរសលំដាប់កំពូលរបស់បណ្ដាសមាគមជាសមាជិករបស់ UEFA។ UEFA គឺជាស្ថាប័នគ្រប់គ្រងផ្នែកបាល់ទាត់របស់អឺរ៉ុប។ ការប្រកួតដណ្ដើមពានរង្វាន់នេះ បានចាប់ផ្ដើមលើកដំបូងកាលពីខែកញ្ញា ឆ្នាំ 2018៕