ក្រុមហ៊ុន Disney បានប្រកាសថា វគ្គចុងក្រោយរបស់ខ្សែភាពយន្ត «Avatar» នឹងត្រូវបានបញ្ចាំងនៅរោងកុនក្នុងឆ្នាំ 2031។
យោងតាមប្រភពព័ត៌មានពី Variety ក្រុមហ៊ុនផលិតភាពយន្ត Disney បានសម្រេចចិត្តពន្យារពេលចាក់បញ្ចាំងវគ្គបន្តបន្ទាប់របស់ខ្សែភាពយន្តល្បីឈ្មោះ Avatar។ ក្នុងនោះ វគ្គ 3 របស់ Avatar គ្រោងនឹងបញ្ចាំងនៅរោងកុនចាប់ពីថ្ងៃទី 19 ធ្នូ 2025, វគ្គ 4 នៅថ្ងៃទី 21 ធ្នូ 2028 និងវគ្គ 5 ដែលជាវគ្គចុងក្រោយនឹងចាប់បញ្ចាំងពីថ្ងៃទី 29 ធ្នូ 2031។
ផលិតករភាពយន្ត Jon Landau ឱ្យដឹងថា «គ្រប់វគ្គរបស់ភាពយន្ត Avatar គឺសុទ្ធតែជាការងារដ៏អស្ចារ្យ និងត្រូវការពេលវេលាដើម្បីឈានដល់គម្រិតគុណភាពនោះ។ ក្រុមការងារទាំងអស់កំពុងតែធ្វើការយ៉ាងញាប់ដៃញាប់ជើងដើម្បីនាំទស្សនិកជនត្រលប់មកកាន់ពិភព Pandora នៅខែធ្នូ ឆ្នាំ 2025 ខាងមុខ»។
ក្រោយការប្រកាសខាងលើ អ្នកគាំទ្រមួយចំនួនបានសម្ដែងការខកចិត្តនៅពេលត្រូវបន្តរង់ចាំភាពយន្តរបស់អ្នកដឹកនាំរឿង James Cameron។ បច្ចុប្បន្ន ទាំង Avatar និង Avatar: The Way of Water គឺជាពីរក្នុងចំណោមភាពយន្តបីរឿងដែលរកបានប្រាក់ចំណូលខ្ពស់ជាងគេនៅគ្រប់សម័យកាល។ ដូច្នេះ ការរំពឹងរបស់ទស្សនិកជនគឺមានខ្ពស់ខ្លាំងសម្រាប់វគ្គ 3 របស់ Avatar។