ម្ចាស់ជើងឯកពានរង្វាន់ Ligue 1 ទំនងជានឹងទទួលយកការលក់ Kylian Mbappe ក្នុងតម្លៃ 160 លានដុល្លារអាម៉េរិក ក្នុងពេលឆាប់ៗ ព្រោះមិនចង់ប្រឈមនឹងហានិភ័យត្រូវបាត់បង់កីឡាករនេះទទេៗ នៅរដូវក្ដៅឆ្នាំ 2024។
យោងតាម ESPN ប្រធាន Nasser Al Khelaifi យល់ព្រមឱ្យ Mbappe ចាកចេញនៅក្នុងរដូវក្ដៅឆ្នាំ 2023 បើសិនជាទទួលបានប្រាក់ដោះដូរ 150 លានអឺរ៉ូ (ប្រហែល 160 លានដុល្លារអាម៉េរិក) ព្រោះថា សុពលភាពកិច្ចព្រមព្រៀងរបស់ Mbappe នៅក្លឹប PSG នេះ នៅសល់តែមួយឆ្នាំទៀតប៉ុណ្ណោះ។
សារព័ត៌មានខាងលើក៏បានឱ្យដឹងថា ក្លឹបថ្មីរបស់ Mbappe អាចជា Real បើសិនចាកចេញពី PSG។ ចំណែកសារព័ត៌មានបារាំង L’Équipe ក៏បានផ្សាយថា ក្លឹប Real បានត្រៀមខ្លួនរួចរាល់ដើម្បីដោះដូរយក Mbappe ដោយមិនរង់ចាំទិញក្នុងក្រមខណ្ឌកីឡាករសេរីនៅរដូវក្ដៅឆ្នាំក្រោយ។
PSG កំពុងស្ថិតក្នុងការប្រែប្រួលខ្លាំងនៅរដូវកាលនេះ។ Sergio Ramos, Lionel Messi បានចាកចេញទៅតាមទម្រង់សេរី ខណៈដែល Neymar ទទួលបានសំណើទិញក្នុងតម្លៃ 300 លានដុល្លារអាម៉េរិក/ឆ្នាំ ពីក្លឹប Al Hilal នៅអារ៉ាប៊ីសាអូឌីត។ ចំណែក Mbappe វិញក៏បានជូនដំណឹងអំពីការមិនពន្យារកិច្ចព្រមព្រៀងជាមួយក្លឹបនេះផងដែរ។
ទំព័រ ESPN យល់ថា ការចាកចេញរបស់ Mbappe នឹងបង្កការខាតបង់ធំសម្រាប់ PSG ព្រោះថា បច្ចុប្បន្នកីឡាកររូបនេះត្រូវបានចាត់ទុកថា ជានិមិត្តរូបរបស់ប្រទេសបារាំង ដោយត្រូវបានវាយតម្លៃថាជាតារាធំបំផុតបន្ទាប់ពី Messi និង Ronaldo៕