កំពូលតារាបាល់ទាត់ជនជាតិព័រទុយហ្កាល់ Ronaldo និយាយថា នឹងលេងយ៉ាងយូរបីរដូវកាលទៀត មុនពេលចូលនិវត្តន៍ និងទិញក្លឹបបាល់ទាត់មួយនឹងគេ។
«តាំងពីច្រើនឆ្នាំមកហើយដែលខ្ញុំចង់មានកីឡាករបាល់ទាត់មួយក្រុម។ ខ្ញុំកំពុងតែមានជំនឿចិត្តលើរឿងនេះ។ ខ្ញុំនឹងត្រូវមើលឱ្យដឹងច្បាស់ថា តើពានរង្វាន់ និងក្រុមបាល់ទាត់នឹងប្រែប្រួលយ៉ាងណា មុននឹងសម្រេចចិត្តវិនិយោគ» Ronaldo និយាយដូច្នេះនៅក្នុងពិធីសម្ពោធយីហោភេសជ្ជៈមួយកាលពីព្រលប់ថ្ងៃទី 07 មិថុនា។
CR7 បន្ថែមថា អាជីពកីឡាករបាល់ទាត់របស់គាត់នឹងត្រូវបញ្ចប់ក្រោយរយៈពេលពីរ ឬបីឆ្នាំទៀត និងបន្តថា «…ដូច្នេះហើយទើបខ្ញុំចាប់ផ្ដើមគិតដល់អនាគត និងការវិនិយោគ»។
យោងតាមទំព័រ Goal ទ្រព្យសម្បត្តិរបស់ Ronaldo គិតត្រឹមខែមករា 2023 គឺប្រហែល 500 លានដុល្លារអាម៉េរិក។ តួលេខនេះអាចកើនឡើងច្រើនបន្ថែមទៀត ដោយសារកីឡាកររូបនេះកំពុងទទួលបានបៀវត្សរ៍ជាង 200 លានដុល្លារ/ឆ្នាំនៅអារ៉ាប៊ីសាអូឌីត។ ថ្មីៗនេះ CR7 ក៏បានវិនិយោគទៅលើយីហោទំនិញជាច្រើនផងដែរ។
មកដល់បច្ចុប្បន្ន អតីតកីឡាករបានក្លាយជាម្ចាស់ក្លឹបបាល់ទាត់គឺជារឿងលែងចម្លែកទៀតហើយ។ David Beckham ពេលនេះគឺជាម្ចាស់ភាគហ៊ុនធំរបស់ Inter Miami ជាក្លឹបដែលទើបតែទាក់ទាញបាន Messi។ ក្រៅពីនេះក៏នៅមានអតីតកីឡាករជាច្រើនផ្សេងទៀត បានក្លាយជាម្ចាស់ភាគហ៊ុនធំរបស់ក្លឹបមួយចំនួន មានដូចជា Ronaldo Nazario (ក្លឹប Real Valladolid), Paolo Maldini (ក្លឹប Miami FC) និង Didier Drogba (ក្លឹប Phoenix Rising)។
ទន្ទឹមនឹងនេះ អតីតកីឡាកររបស់ Man Utd ដែលរួមមាន Ryan Giggs, Paul Scholes, Gary Neville, Phil Neville និង Nicky Butt ក៏បានក្លាយជាម្ចាស់ក្លឹប Salford City ដែលលេងនៅឯពានរង្វាន់លំដាប់លេខបួន EFL League Two របស់អង់គ្លេស៕