ក្រោយពីបានបញ្ជាក់ថានឹងទៅលេងឱ្យក្លឹបអាម៉េរិក Inter Miami តារាបាល់ទាត់ពិភពលោក Lionel Messi ក៏បានទទួលស្គាល់ថា ខ្លួនមិនទទួលបានសុភមង្គលក្នុងរង្វង់ពីរឆ្នាំដែលលេងឱ្យ Paris Saint-Germain។
Messi ចាកចេញពី PSG ក្នុងនាមជាកីឡាករសេរីក្នុងស្ថានភាពភាគីទាំងពីរសុទ្ធតែមិនចង់បន្តកិច្ចព្រមព្រៀងជាមួយគ្នា ក្រោយរយៈពេលពីរឆ្នាំកន្លងទៅ។ ពេលវេលានៅជាមួយគ្នារវាង M10 និង PSG បានបញ្ចប់ក្នុងរយៈពេលពីរម៉ោង នៅពេល Messi ត្រូវបាន «ព្យួរជើងក្នុងក្រុម» ព្រោះតែបានធ្វើដំណើរចាកចេញពីប្រទេសបារាំងដោយមិនមានការអនុញ្ញាតពីក្លឹប។ ចាប់ពីពេលនោះមក Messi បានយល់ព្រមទៅលេងឱ្យក្លឹបអាម៉េរិក Inter Miami បើទោះចិត្តចង់ទាត់ឱ្យ Barcelona នៅអេស្ប៉ាញ។
«ពីរឆ្នាំកន្លងនៅ PSG គឺជាពេលវេលាដែលខ្ញុំមានអារម្មណ៍ថា មិនមានសុភមង្គល។ ខ្ញុំមិនអាចទទួលបានជីវភាពជារបស់ខ្លួនឯង។ ហើយបញ្ហានេះបានប៉ះពាល់ដល់ការរស់នៅរបស់គ្រួសារខ្ញុំ។ ពីរឆ្នាំកន្លង ខ្ញុំពិតជាបានបាត់បង់ពេលវេលាជាច្រើនដែលអាចនៅជាមួយកូនៗ…» Messi បានថ្លែងដូច្នេះ នៅក្នុងកិច្ចសម្ភាសជាមួយបណ្ដាញសារព័ត៌មានអេស្ប៉ាញ និងត្រូវបានចុះផ្សាយដោយទំព័រ Mundo Deportivo និង Sport កាលពីពេលថ្មីៗនេះ។
Messi និង PSG ទំនងជាពិបាករក្សាទំនាក់ទំនងល្អនឹងគ្នា បន្ទាប់ពី M10 ចាកចេញ និងក្រោយពីកិច្ចសម្ភាសខាងលើ។ ចំណែកអ្នកគាំទ្ររបស់ Barcelona វិញក៏កំពុងអន់ចិត្តព្រោះតែស្ថានភាពហិរញ្ញវត្ថុរបស់ក្លឹបនេះមិនអនុញ្ញាតឱ្យនាំយក Messi មកចូលជាសមាជិកជាថ្មី។
រឿងរ៉ាវម្ចាស់ជើងឯក World Cup 2022 សម្រេចចិត្តទាត់ឱ្យក្លឹប Inter Miami ត្រូវបានបញ្ជាក់រួចហើយ។ បើតាមគម្រោង M10 នឹងទៅចូលរួមជាមួយក្រុមនេះចាប់ពីខែកក្កដាខាងមុខ៕